បាត់ដំបង៖ បុរសម្នាក់ស្រវឹងស្រាជោគជំ បានទៅរាយមងក្រោយផ្ទះ បណ្តាលឲ្យលង់ទឹកស្លាប់ បាត់មួយយប់ទើបប្រទះឃើញសាកសព ត្រង់ចំណុចក្រុមទី ៤ ក្នុងភូមិប្របហិប ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង។

នគរបាលបានប្រាប់ឲ្យដឹងថា យោងតាមការបំភ្លឺរបស់ឈ្មោះឈឿន ឆាន អាយុ ៥៧ ឆ្នាំមុខរបរធ្វើស្រែ ត្រូវជាប្រពន្ធរបស់បុរសជនរងគ្រោះបានបំភ្លឺថា ប្ដីរបស់គាត់កាលពីវេលាម៉ោង ៥:០០នាទីល្ងាច ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២១ ក្រោយពីដឹកគោ មកពីវាលចូលក្នុងក្រោលរួចហើយ ក៏បានកាន់ម៉ងមួយដៃដើរសំដៅទៅខាងក្រោយផ្ទះដើម្បីទៅដាក់យកត្រី ក្នុងសភាពស្រវឹងជោគជំ ប៉ុន្តែគាត់មិនបានចាប់អារម្មណ៍ឡើយ ដោយបាត់ប្តីយូរមិនឃើញត្រឡប់មកវិញ រហូតដល់អំឡុងប្រហែលម៉ោង ១០:០០នាទីយប់ថ្ងៃដដែល ក៏មានការភ្ញាក់ផ្អើលដល់អ្នកជិតខាងហើយនាំគ្នាដើររក ប៉ុន្តែ រកមិនឃើញ លុះដល់ព្រឹកម៉ោង ៦:០០នាទី ថ្ងៃទី ០៤ ខែវិច្ឆកា ឆ្នាំ ២០២១នេះ ទើបប្រទះឃើញសាសពប្ដីរបស់គាត់អណ្តែតនៅក្នុងទឹកស្រះខាងក្រោយផ្ទះបាត់ទៅហើយ។

សពជនរងគ្រោះមានឈ្មោះគង់ សាមឿត ភេទប្រុស អាយុ ៥៦ឆ្នាំ មានទីលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។

ជុំវិញករណីខាងលើនគរបាលជំនាញ រួមទាំងក្រុមគ្រូពេទ្យចុះពិនិត្យសាកសពបញ្ជាក់ថា ជនរងបានស្លាប់ដោយសារលង់ទឹក រួចក៏បានប្រគល់សាកសពទៅឲ្យគ្រួសារសាច់ញាតិចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ដំបងក្រញូង

Share.