បាត់ដំបង៖ សមត្ថកិច្ចជំនាញបានចុះបង្ក្រាបនិងឃាត់ខ្លួនស្ត្រី ៣នាក់មកសាកសួរ ក្រោយលួចលាក់បើកទីតាំងចាក់កន្ទុយលេខ។

នគរបាលការិយាល័យជំនាញ នៃស្នងការនគរបាលខេត្តបាត់ដំបងបានប្រាប់ឲ្យដឹងថា អនុវត្តវិធានការទប់ស្កាត់ល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន នៅថ្ងៃទី ០៤ ខែវិច្ឆកា ឆ្នាំ ២០២១នេះ កម្លាំងរបស់អធិការដ្ឋាននគរបាលស្រុកបាណន់បានចុះបង្ក្រាបករណីលួចលេងល្បែងភ្នាល់ ចាក់កន្ទុយលេខមួយកន្លែង នៅក្នុងភូមិសាស្ត្រឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។

ក្នុងប្រតិបត្តិការបង្ក្រាបនោះ សមត្ថកិច្ចបានឃាត់ខ្លួនស្ត្រីជាមេឆ្នោតបានចំនួន ៣នាក់ មានឈ្មោះវណ្ណ សុធា ភេទស្រី អាយុ ៣៥ឆ្នាំ ឈ្មោះស៊ីម ចិន្តា ភេទស្រី អាយុ ៤០ឆ្នាំ និងម្នាក់ទៀតឈ្មោះទួត សុផារី ភេទស្រីអាយុ ៣៣ឆ្នាំ។មេឆ្នោតកន្ទុយលេខទាំងអស់គ្នារស់នៅក្នុងភូមិឈើទាល ភូមិឥន្ទជិត ភូមិកំពង់ស្រម៉រ ឃុំឈើទាល ស្រុកបាណន់។

ក្នុងនោះ នគរបាលដកហូតបាន ក្រដាស និងសៀវភៅកត់លេខឆ្នោតជាច្រើនក្បាល ម៉ាស៊ីនព្រីន ម៉ាស៊ីនគិតលេខ ទូរស័ព្ទដៃជាច្រើនគ្រឿង រួមទាំងថវិកាមួយចំនួន។

ចំពោះមុខស្ត្រីជាប់ពាក់ព័ន្ធទាំង ៣នាក់សមត្ថកិច្ចបានអនុវត្តវិធានការណែនាំ អប់រំ និងតម្រូវឲ្យធ្វើកិច្ចសន្យាដើម្បីបញ្ឍប់សកម្មភាពបន្តទៀត រួចឲ្យវិលតនរឡប់ទៅកាន់លំនៅដ្ឋានរៀងៗខ្លួនវិញ៕

អត្ថបទ៖ដំបងក្រញូង

Share.