នៅ​ថ្ងៃ​ទី​៧ ខែវិច្ឆិកា​ ឆ្នាំ​២០២១​ នេះ ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​បាន​បង្ហោះ​សារ​អបអរសាទរ​ខួប​លើក​ទី​ ១៨​ នៃ​ការ​ដាក់​បញ្ចូល​ «​របាំ​ព្រះ​រាជ​ទ្រព្យ​» ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ​។

​​«របាំព្រះរាជទ្រព្យ» គឺជាសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់ព្រះរាជាណាចក្រកម្ពុជាតែមួយគត់ ដែលបានថែរក្សានាដកម្មបុរាណមួយនេះ អស់រយៈពេលដ៏យូរលង់ណាស់មកហើយ។ កាល​ពី​១៨​ឆ្នាំ​មុន​ ពោល​គឺ​នៅ​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា​ ឆ្នាំ​២០០៣ របាំ​ព្រះរាជ​ទ្រព្យ​ ត្រូវ
​បានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនៅទីក្រុងអ៉ីស្តង់ប៊ុល ប្រទេសតួកគី។

របាំក្បាច់ខ្មែរបុរាណ ឬ របាំព្រះរាជទ្រព្យនេះ ជាទម្រង់របាំសក្ការ:មានភាពល្បីល្បាញខាងកាយវិការទន់ភ្លន់ គួរឱ្យចង់គយគន់ និង មានទ្រង់គ្រឿងចាំងភ្លឺផ្លេកៗគួរ​ជា​ទី​ពេចន៍ពិលរមិលមើល​។ របាំព្រះរាជទ្រព្យ (របាំក្បាច់បុរាណខ្មែរ) ជាប្រភេទរបាំ ដែលនាដករ ប្រើចលនាកាយវិការក្បាច់ និងមនោសញ្ចោតនា យ៉ាងប៉ិនប្រសប់ទៅតាមការវិវត្តនៃសាច់រឿង ដែលរៀបរាប់បញ្ជាក់ដោយទំនុកច្រៀងនៃក្រុមចម្រៀងជាពួក នឹងត្រូវបានប្រគំដោយវង់ភ្លេងពិណពាទ្យ ដែលមានតួនាទីប្រគំជូនរបាំនេះផងដែរ។

ក្នុង​នាម​ជា​កូន​ខ្មែរ​ដែល​មាន​ឈាម​ជ័រ​ជា​អ្នក​ស្នេហា​ជាតិ​ ស្រលាញ់​និង​ការពារ​សម្បត្តិ​វប្បធម៌​ជាតិ​ ចង់​មាន​ការ​អភិវឌ្ឍ​​ តែ​មិន​ភ្លេច​​អភិរក្ស​រាល់​ស្នាដៃ​តន្ត្រី​ សិល្បៈ​ របាំ​បុរាណ​ ​ជា​ដួង​ព្រលឹង​ជាតិ​ ជា​អត្តសញ្ញា​ណ​នៃ​ជាតិ​ ដែល​ដូន​តា​ខ្មែរ បុព្វបុរស​ខ្មែរ​បាន​ យក​សាច់​ស្រស់​ឈាម​ស្រស់​ការពារ​ដើម្បី​ទុក​ជាកេរ្តិ៍​តំណែល​សម្រាប់​កូន​ចៅ​ជំនាន់​ក្រោយ​ឱ្យ​បាន​គង់​វង្ស​យូរអង្វែង​ដើម្បី​ជា​មរតក​សម្រាប់​ក្មេង​ៗ​ជំនាន់​ក្រោយ​ៗ​ទៀត​៕

Telegram-Troryorng
Share.