សមត្ថកិច្ចបើកប្រតិបត្តិការបង្ក្រាបកន្លែងលេងល្បែងខុសច្បាប់ (ហ្គេមបាញ់ត្រី) ចំនួន៣ទីតាំងផ្សេងគ្នា ហើយឃាត់ខ្លួនបុគ្គលិក និងអ្នកខុសច្បាប់ជិត ២០នាក់។ 

កាលពីថ្ងៃទី០៧ វិច្ឆិកា ដោយទទួលបានបទបញ្ជាពី លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ​កម្លាំងជំនាញអធិការ​ដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៣ និងដោយមានការសម្របសម្រួលពី ឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានធ្វើប្រតិបត្តិការបង្ក្រាបករណី ទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់ (ហ្គេមបាញ់ត្រី) ចំនួន០៣ទីតាំងផ្សេងគ្នា ក្នុងនោះឃាត់ខ្លួន បុគ្គលិកហ្គេមបាញ់ត្រី និងអ្នកចូលលេងល្បែងខុសច្បាប់ចំនួន១៦នាក់ (ប្រុស១១ និងស្រី ០៥នាក់) កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅក្រុម១០ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ 

របាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា វត្ថុតាងដកហូតបានរួមមាន៖ ទូហ្គេមបាញ់ត្រីចំនួន០៥ ទូចាក់ត្រីចំនួន ០២ និងទូផ្លែឈើចំនួន ០២ ។ បច្ចុប្បន្ន កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ កំពុងរៀបចំកសាងសំណុំរឿង បញ្ជូនមនុស្សទាំង១៦នាក់ និងវត្ថុតាងទៅតុលាការដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ៕

Share.