បេក្ខនារី​ Suni Lee (ម្ចាស់​មេដាយ​មាស​កីឡាអូឡាំពិក​ផ្នែក​​កីឡាកាយ​សម្ព័ន្ធ​) បាន​បង្ហាញ​ឱ្យ​អ្នក​ទស្សនា​និង​អ្នក​គាំទ្រ​កម្មវិធី​ «Dancing with the Stars» ជឿ​ថា​ក្មេង​ស្រី​ម្នាក់​នេះ​ប្រាកដ​​ជា​មាន​ឱកាស​អាច​ឈ្នះ​ពាន​ក្នុង​កម្មវិធី​នេះ​ តាម​រយៈ​ការ​សម្ដែង​ជាមួយ​នឹង​ដៃ​គូ Sasha Farber។ ថ្វី​ត្បិត​តែ​បេក្ខនារី​រូប​នេះ​ទទួល​បាន​ការ​ស្រលាញ់​និង​សរសើរ​ពី​ហ្វេន​ប៉ុន្តែ​ផ្ទុយ​មក​វិញ​សម្រាប់​ Tyra Banks ពិធី​ការិនី​ក្នុង​កម្មវិធី​នេះ​បែរ​ជា​កំពុង​រង​ព្យុះ​ភ្លៀង​ពី​មតិ​រិះគន់​ពីសំណាក់​អ្នក​ទស្សនា​កម្មវិធី​នេះ​ទៅ​វិញ​។

ក្រោយ​បង្ហាញ​សមត្ថភាព​ចប់​ភ្លាម​ បេក្ខនារី​វ័យ​១៨​ឆ្នាំ​ Suni Lee បាន​ប្រញាប់​ប្រញាល់​រត់​ចុះ​ពី​លើ​ឆាក​ភ្លាម​ៗ​ ដែល​ទង្វើ​របស់​កញ្ញា​បាន​ធ្វើ​ឱ្យ​អ្នក​ទស្សនា​​មាន​ការ​ឆ្ងល់​ជា​ខ្លាំង​សូម្បី​តែ​គណៈ​កម្មការ​ក្នុង​កម្មវិធី​ដូច​ជា​ Carrie Ann Inaba, Len Goodman, Bruno Tonioli និង​ Derek Hough ក៏​មិន​ខុស​គ្នា​ដែរ​ ប៉ុន្តែ​នៅ​ពេល​ដែល​ពិធីការិនី​ Tyra Banks បង្ហើប​ពី​មូលហេតុ​ដែល​ធ្វើ​ឱ្យ​បេក្ខនារី​រូប​នេះ​ប្រញាប់​រត់​ចុះ​ពី​លើ​ឆាក​ រឹតតែ​ធ្វើ​ឱ្យ​អ្នក​គ្រប់​គ្នា​ភ្ញាក់​ផ្អើល​និង​តក់ស្លុត​។

ថ្វី​ត្បិត​តែ​ពិធីការិនី​វ័យ​៤៧​ឆ្នាំ​រូប​នេះ​មាន​ចេតនា​ល្អ​ប៉ុន្តែ​ការ​ដែល​លោក​ស្រី​បង្ហើប​ទាំង​អស់​បែបនេះ​មនុស្ស​មួយ​ចំនួន​ធំ​យល់​ថា​មិន​ស័ក្ដិសម​នោះ​ទេ​ ប្រៀប​ដូច​ចាំ​ហែកកេរ្តិ៍​បេក្ខនារី​​ទៅវិញ​។ Tyra បាន​ឱ្យដឹងថា​ Suni មិន​ស្រួល​ខ្លួន​ខ្លាំង​តែ​មិន​មែន​ជា​ជំងឺ​ Covid-19 នោះ​ទេ​ ប៉ុន្តែ​រត់​ចុះ​ទៅ​ក្អួត​។

ក្រោយ​ពេល​ដែល​ Suni ត្រលប់​មក​លើឆាក​វិញ​ Tyra បាន​លើក​យក​បញ្ហា​ឈឺ​របស់​ Suni មក​និយាយ​ម្ដង​ទៀត​ ដោយ​និយាយ​ថា​ «Suni, ខ្ញុំ​ចាំ​បាច់​ត្រូវ​តែ​សួរ​ប្អូន​ ខ្ញុំ​ដឹង​ថា​ប្អូន​អត់​ទ្រាំ​មក​ពេញ​មួយ​ថ្ងៃ​ហើយ​ ខ្ញុំ​ដឹង​ថា​ប្អូន​ទៅ​ក្អួត​ តែ​នេះ​ជា​កម្មវិធី​ទូរទស្សន៍​ប្អូន​ស្រាប់​តែ​រត់​ទៅ​ដោយ​បែប​នេះ​»។

សាមី​ខ្លួន​បាន​ឆ្លើយ​តប​ថា​ «ខ្ញុំ​ពិត​ជា​ខ្លាច​ណាស់​ ព្រោះ​ពី​មុន​មក​ខ្ញុំ​មិន​ដែល​មាន​រឿង​បែបនេះ​ទេ​ ខ្ញុំ​ពិត​ជា​ខ្មាសណាស់​ ខ្ញុំដឹង​ថាបើ​សិនជា​ខ្ញុំ​មិន​ត្រលប់​មក​វិញ​ទេ​ ខ្ញុំ​ច្បាស់​ជា​ខក​ចិត្ត​ចំពោះ​ខ្លួន​ឯង​យ៉ាង​ខ្លាំង​»

ងាក​មក​បណ្ដាញ​សង្គម​ Twitter ឯណេះ​វិញ​ ហ្វេន​មួយ​ចំនួន​ធំ​ហាក់​មិន​សប្បាយ​ចិត្ត​និង​ពេញ​ចិត្ត​ចំពោះ​ការ​និយាយ​របស់​ Tyra ដើម្បី​កែ​ប្រែ​ស្ថានការ​នោះ​ទេ​ ដោយ​អ្នក​ទាំង​នោះ​បាន​បញ្ចេញ​មតិ​របស់​ខ្លួន​ផ្សេងៗ​ពី​គ្នា​ថា​៖ «តើ Tyra ចាំ​បាច់​ប្រកាស​ឱ្យ​គេ​ដឹង​ថា Suni ប្រញាប់​រត់​ទៅ​បន្ទប់​ទឹក​? មិន​សមជា​ពិធីការិនី​មាន​វិជ្ជាជីវៈសោះ​» ហ្វេន​ម្នាក់​ទៀត​សរសេរថា​៖ «Tyra, ពួកយើង​ដឹង​ហើយ​ Suni មិន​សូវ​ស្រួល​ខ្លួន​» «ខ្ញុំ​ពិត​ជា​មិន​យល់​ទេ​ ហេតុអី​ Tyra គិត​ថា​ការដែល​ខ្លួន​​និយាយ​រឿង​ Suni រត់​ទៅ​ក្អួត​នៅ​ក្នុង​កម្មវិធី​ Live ទូរទស្សន៍ជាតិ​ជា​រឿង​ធម្មតា​។ ហេតុ​អី​ទៅ​និយាយ​រឿង​ផ្ទាល់​ខ្លួន​របស់​គេ​ពេល​កំពុង​ផ្សាយ?

ជា​​ការ​កត់​សម្គាល់​អ្នក​គាំទ្រ​ភាគ​ច្រើន​បាន​បង្ហោះ​សារ​ជូនពរ​និង​សង្ឃឹម​ថា​ Suni Lee ឆាប់​ជា​សះស្បើយ​ ខណៈ​ដែល​សាមី​ខ្លួន​បាន​ចេញ​មក​អរគុណ​ចំពោះ​ពាក្យ​ជូនពរ​និង​លើក​ទឹក​ចិត្ត​ចំពោះ​ខ្លួន​៕

Telegram-Troryorng
Share.