បាត់ដំបង៖ អាជ្ញាធរដែនទឹក នៃបឹងទន្លសាបទុកឱកាស ៥ថ្ងៃឲ្យក្រុមអ្នកនេសាទមួយចំនួនតូច និងក្រុមឈ្មួញរុះរើឧបករណ៍នេសាទខុសច្បាប់ចេញឲ្យអស់ ពុំនោះទេត្រូវប្រឈមចំពោះមុខច្បាប់បង្ក្រាបដោយមិនការលើកលែង។

លោក ម៉ិល សុផល អភិបាលស្រុកឯកភ្នំបានប្រាប់ឲ្យដឹងនៅថ្ងៃទី ០៩ ខែវិច្ឆកា ឆ្នាំ ២០២១នេះថា នៅក្នុងយុទ្ធនាការប៉ុន្មានថ្ងៃកន្លងមកនេះលោកបានដឹកនាំកម្លាំងគណ:បញ្ជាការស្រុកជាច្រើននាក់ចុះអប់រំ ណែនាំស្តីពីការប៉ះពាល់ និងបំផ្លាញនូវធនធានធម្មជាតិ ជីវចម្រុះជាច្រើនទៀតដែលផ្តើមឡើងដោយសារការមិនគោរពច្បាប់ដូចជា បំពាននេសាទប្រើប្រាស់សំណាញ់ក្រឡាល្អិត នេសាទក្នុងរដូវហាមឃាត់ ល្មើសនេសាទត្រីក្នុងដែនអភិរក្ស និងប្រើឧបករណ៍ល្មើសច្បាប់ជាច្រើនទៀត បានធ្វើឲ្យធនធានធម្មជាតិ មច្ឆាជាតិ សត្វស្លាបគ្រប់ប្រភេទកាន់តែបាត់បង់រេចរឹលទៅៗ​។

ការនេសាទរបស់ប្រជានេសាទមួយចំនួនតូច រួមទាំងក្រុមឈ្មួញផងដែរបានចូលនេសាទត្រីនៅដែនអភិរក្សឡូត៍លេខ ២ តែងកើតមានដូចវេកចករៀងរាល់ឆ្នាំ ទើបឆ្នាំនេះរដ្ឋបាលស្រុកមានវិធានការទន់ភ្លន់បែបត្រជាក់ មុនចុះណែនាំឲ្យរាល់អ្នកនេសាទខុសច្បាប់ទាំងអស់រុះរើឧបករណ៍នេសាទដែលច្បាប់ហាមឃាត់ឲ្យអស់ដោយខ្លួនឯង ដោយកម្លាំងគណ:បញ្ជាការស្រុកមិនចង់ប្រើប្រាស់វិធានការប៉ះដៃយកដៃ និងប៉ះជើងយកជើងឡើយ។

លោកអភិបាលស្រុកបានបន្ថែមថា ទន្ទឹមនឹងការចុះណែនាំក្នុងនាមជាអាជ្ញាធរលោកទុករយ:ពេលចំនួន ៣ថ្ងៃ ក្នុងករណីរុះរើរៀបចំមិនទាន់អាចពន្យាពេលដល់យ:ពេល ២ថ្ងៃទៀត ចាប់ពីថ្ងៃទី ០៧ ដល់ថ្ងៃទី ១១ ខែវិច្ឆកា ឆ្នាំ ២០២១ ពុំនោះទេនិងមានការបង្ក្រាប ដកហូតសម្ភារ:ល្មើសពាក់ព័ន្ធដោយមិនយោគយល់ឡើយ ពិសេសតំបន់អភិរក្សឡូត៍លេខ ២ ក្នុងទំហំ ៥០១៣៤ហិកតាហើយមានវិសាលភាពយ៉ាងធំធេងដែលជាវាដែនជម្រកត្រីពងកូនផង ជាជម្រកពពួកសត្វស្លាបផ្សេងៗកាច់សំបុកពងកូនផង ម៉្យាងទៀតក៏ជាទីកន្លែងសម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្ដរជាតិចូលទៅទស្សនាកំសាន្ដជាបន្តបន្ទាប់ឥតដាច់នៅក្នុងភូមិសាស្ត្រឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង៕

អត្ថនបទ៖ដំបងក្រញូង

Share.