សុនខមេមួយក្បាល​បាន​កើតកូន​ប្រមាណជា​៦ក្បាល​ បាន​ក្លាយជា​សុនខឈាមថ្មី​បន្ដវេន នៅលើសមរភូមិ​ រុករកគ្រាប់មីន​ និងសំណល់​យុទ្ធភណ្ឌសង្គ្រាម​ទៅមុខទៀត។ នេះបើតាមលោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (CMAC) បានសរសេរនៅលើផេក​ កាលពីថ្ងៃទី​១០ ខែ១១ ២០២១។

គួរបញ្ជាក់ថា សុនខហិតមីននេះ គឺត្រូវបង្កើតឡើងតាំងពីឆ្នាំ១៩៩៦ ដោយមានការនាំចូលនិងផ្តល់ការគាំទ្រ ដល់អង្គភាពស៊ីម៉ាក់ដោយកងទ័ពប្រទេសស៊ុយអែត ក្នុងកម្រិតហ្វឹកហ្វឺន សាកល្បងប្រើប្រាស់នូវសុនខហិតមីន​ នៅកម្ពុជា។

អ្នកជំនាញរបស់អង្គភាពស៊ីម៉ាក់ ត្រូវបានបញ្ជូន ទៅហ្វឹកហ្វឺននៅប្រទេសស៊ុយអែត ព្រមទាំងយកសុនខមួយចំនួនពីប្រទេសស៊ុយអែតមកកម្ពុជា និងក្រោយៗមកបាននាំយកមកពីប្រទេសអាល្លឺម៉ង់ ហូឡង់ ប៊ែលហ្សិក និងបូស្នី ជាដើម។ ក្រោយបញ្ចប់គម្រោង ស៊ីម៉ាក់ មានទស្សនៈ និងការប្តេជ្ញាចិត្ត យ៉ាងមុតស្រួចថា ខ្មែរគឺអាចធ្វើបាន ទើបបច្ចុប្បន្ននេះ អង្គភាពស៊ីម៉ាក់ មានសមត្ថភាពគ្រប់គ្រាន់ លើបច្ចេកទេស ជំនាញសុនខហិតមីន និងបានពង្រីកសមត្ថភាពសុនខហិតមីន លើការងារជាច្រើនទៀត៕

Share.