ជនសង្ស័យពីរនាក់បានធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់បានសម្រេចរួចជិះម៉ូតូគេចខ្លួនបាត់ស្រមោល។ចំណែកជនរងគ្រោះព្យាយាមជិះម៉ូតូដេញតាមពីក្រោយបណ្ដាលឲ្យជ្រុលទៅបុក គ្រឿងសំណង់ដែលដាក់តាំងលក់តាមផ្លូវដួលរងរបួសឈាមស្រោចពេញខ្លួន។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១ និង៥០ នាទីរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិតិក្ខប្បញ្ញោ ក្នុងបុរីឈូកវ៉ា២ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថាមុនពេលកើតហេតុរូបគាត់បានជិះម៉ូតូមួយគ្រឿង ម៉ាកធូដេពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ 1CE 6539ជិះតែម្នាក់ឯងធ្វើដំណើរ តាមបណ្ដោយផ្លូវបេតុងក្នុងបុរីឈូកវ៉ា២ ក្នុងទិសដៅពីត្បូងទៅជើងក្នុងគោលបំណងទៅផ្សារ ទិញឥវ៉ាន់។ពេលធ្វើដំណើរដល់ផ្លូវបំបែកជាបួនក្នុងបុរីឈូកវ៉ា ២ ស្រាប់តែមានជន សង្ស័យ មានគ្នាពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកសង់សេ១២៥ មិនចាំស្លាកលេខបានមកពី ក្រោយរួចធ្វើ សកម្មភាពឆក់កាបូបរបស់គាត់បានសម្រេច ហើយបានជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល។ ភ្លាមៗនោះគាត់ក៏បានជិះម៉ូតូដេញតាមពីក្រោយ ដោយបានស្រែកថាចោរៗដើម្បីឱ្យ ប្រជាពលរដ្ឋជួយតាមចាប់ជនសង្ស័យ។ ពេលដែលជនរងគ្រោះបានជិះម៉ូតូដេញតាមជនសង្ស័យក៏បានជ្រុលម៉ូតូទៅបុកគ្រឿងសំណង់ដែលគេដាក់តាំងលក់នៅតាមបណ្ដោយផ្លូវលេខ២០ដែលស្ថិតនៅក្នុងបុរីឈូកវ៉ា២ បណ្តាលឲ្យ ដួលរងរបួសហូរឈាមស្រោចពេញខ្លួន រួចក៏បានទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋានដើម្បីជួយធ្វើអន្តរាគមន៍។

បើតាមជនរងគ្រោះ សម្ភារៈដែលបាត់បង់នោះរួមមានទូរស័ព្ទ iphone ចំនួនមួយគ្រឿង លុយចំនួន ៥០០ ដុល្លារ អត្តសញ្ញាណប័ណ្ណ ១ សន្លឹក រួមទាំងសម្ភារៈមួយចំនួនទៀត ដែលនៅក្នុងកាបូបនោះ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់រួចបានឱ្យជនរងគ្រោះទៅមន្ទីរពេទ្យ លាងរបួស រួចរាល់ហើយចាំមកដាក់ពាក្យបណ្ដឹងដើម្បីឲ្យសមត្ថកិច្ចស្វែងរកជនសង្ស័យ មកផ្តន្ទាទោសតាមផ្លូវច្បាប់៕

អត្ថបទ៖ស្វាយ ភឿន

Share.