សំណុំរឿងបុរសវ័យចំណាស់ម្នាក់បាត់បង់ជីវិតដោយសារឆេះខ្លោចនៅលើជណ្តើរដែក ពេលនេះសមត្ថកិច្ចបានស្រាវជ្រាវដឹងការពិតហើយ នោះគឺជាករណីឃាតកម្ម។

សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីដែលជាប្រពន្ធបានយកអាកុលចាក់ដុតសម្លាប់លោកតាដែលត្រូវ ជាប្ដីឆេះខ្លោចស្លាប់យ៉ាងអាណោចអាធ័មបង្កអោយមានការភ្ញាក់ផ្អើលកើតឡើង ដែលជារឿងស្មានមិនដល់។

ដំបូងឡើយមានការភ្ញាក់ផ្អើល ក្រោយពីលោកយាយបានស្រែកពីខាងក្នុងផ្ទះឲ្យអ្នកជិតខាង ជួយកាត់សោផ្ទះចូលមកជួយលោកតា ដែលជាប្តីរបស់លោកយាយដែលបានឆក់ខ្សែភ្លើង ឆេះស្លាប់នៅក្នុងផ្ទះ ដោយសារតែលោកយាយវង្វេងសោផ្ទះរកមិនឃើញ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៩ព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុច ផ្ទះលក់ឱសថស្ថានរង «ខ» ព‍ន្លក ដែលមានទីតាំងនៅផ្ទះលេខ ៣ ផ្លូវជាតិលេខ២ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ ក៏ដូចជាអ្នកជិតខាងបានឲ្យដឹងថា មុនពេលកើតហេតុ រាល់ដង គឺផ្ទះរបស់លោកយាយ លោកតា បានបើកទ្វារលក់ថ្នាំពេទ្យ លុះដល់ថ្ងៃកើតហេតុ ចម្លែកមិនឃើញបើកទ្វារលក់ដូរសោះ ។ ក្រោយមកទៀតក៏មានគេមកគោះទ្វារ ដើម្បីរកទិញ ថ្នាំពេទ្យ ស្រាប់តែធំក្លិនឈ្ងៀមៗចេញពីក្នុងផ្ទះ និងមានសំឡេងលោកយាយ ស្រែកឲ្យជួយ ដោយបាននិយាយទៅកាន់អ្នកទិញថ្នាំនោះថា កុំទាន់អាលទិញអី ជួយរកគេមកកាត់ សោរទ្វារ ផ្ទះគាត់ផង គាត់វង្វេងមិនដឹងសោនៅឯណាទេ ហើយជួយតាផង តារបស់គាត់ ត្រូវបាន ខ្សែភ្លើងឆក់ស្លាប់ហើយ ទើបមានការភ្ញាក់ផ្អើល មានទាំងអ្នកជិតខាង នាំគ្នាមក កាត់សោផ្ទះ កើតហេតុខាងលើ ដើម្បីចូលទៅជួយ តែពេលចូលដល់ខាងក្នុង ក៏ឃើញជនរងគ្រោះ ស្លាប់ លើជណ្តើរដែកបាត់ទៅហើយដោយមានស្នាម ខ្លោចឆេះពេញខ្លួន ខណៈពិដានជ័រនៅខាងលើ ឆេះធ្លាក់រាយប៉ាយពេញក្នុងផ្ទះ។

បើយោងតាមផេកអធិការខណ្ឌមានជ័យបានបង្ហោះ ថាកាលពីថ្ងៃទី១៤-១១-២០២១ វេលាម៉ោង០២ម៉០០នាទី រំលងអាធាត្រ នៅចំណុចក្នុងផ្ទះលេខ៣ ផ្លូវជាតិលេខ២ ក្រុមទី៦ ភូមិព្រែកតានូ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីឃាតកម្ម កើតឡើងមាន ជនសង្ស័យឈ្មោះ ទៀង ស៊ីម ភេទ ស្រី អាយុ៧៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ទីកន្លែងស្នាក់នៅផ្ទះផ្ទះលេខ៣ ផ្លូវជាតិលេខ២ ក្រុមទី៦ ភូមិព្រែកតានូ២ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវជាប្រពន្ធ (ឃាត់ខ្លួន)។

ចំណែកជនរងគ្រោះឈ្មោះ ភៅ ម៉ៅ ភេទប្រុស អាយុ៨៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ថ្នាំពេទ្យ ទីកន្លែងស្នាក់នៅផ្ទះកើតហេតុ ។

-វត្ថុតាងបន្សល់ទុករួមមាន៖ ដបទឹកសុទ្ធសំរាប់ដាក់អាកុលចំនួន០១, ដែកកេសចំនួន០២, អំបោសមួយឆេះខាងចុង, ប្រដាប់កើបសំរាម០១, កំទេចពូកឆេះចំនួន០១ថង់ និងមេសោ កូនសោរមួយចំនួន។

យោងតាមសមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី១៤-១១-២០២១ វេលាម៉ោង០២ម៉០០នាទី រំលង អធាត្រនៅចំណុចក្នុងផ្ទះលេខ៣ ផ្លូវជាតិលេខ២ ក្រុមទី៦ ភូមិព្រែកតានូ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ជនរងគ្រោះឈ្មោះ ភៅ ម៉ៅ ភេទប្រុស អាយុ៨៥ឆ្នាំ (ត្រូវជាប្តី) កំពុងដេកនៅក្នុងផ្ទះជាមួយជនសង្ស័យឈ្មោះ ទៀង ស៊ីម ភេទស្រី អាយុ៧៧ឆ្នាំ (ជាប្រពន្ធ) ពេលនោះជនសង្ស័យបានយកអាកុលកន្លះលីត្រ(មួយដបទឹកសុទ្ធ) ចាក់នៅ លើពូក និងលើខ្លួនជនរងគ្រោះដែលកំពុងដេកលង់លក់ បន្ទាប់មកជនសង្ស័យបាន យកដែកកេសមកដុតជនរងគ្រោះបណ្តាល អោយរលាកពេញខ្លួន ហើយក៏ បានស្លាប់ នៅនឹង កន្លែងកើតហេតុតែម្តង។ ភ្លាមនោះកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ចាក់អង្រែលើ បាន ឃាត់ខ្លួនជនសង្ស័យឈ្មោះ ទៀង ស៊ីម យកមកសាក សួរនៅទីស្នាក់ការប៉ុស្តិ៍រដ្ឋបាលសង្កាត់ ចាក់អង្រែលើ ដើម្បីចាត់ការតាមនិតិវិធី ច្បាប់ ចំណែកសាកសពបានប្រគល់ទៅឲ្យ ក្រុមគ្រួសារសាច់ញ្ញាតិយកទៅតំកល់នៅវត្តចាក់អង្រែលើរងចាំបូជាតាមប្រពៃណី។

-បច្ចុប្បន្នជនសង្ស័យឈ្មោះ ទៀង ស៊ីម ឃាត់ខ្លួននៅអធិការដ្ឋានដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ៕

អត្ថបទ៖សេង សាវី

Share.