មេដឹកនាំកំពុងជាប់ឃុំ លោកស្រី អ៊ុង សាងសូជី កំពុងតែប្រឈមមុខនឹងការចោទប្រកាន់បន្ថែមទៀតពីបទ ក្លែងបន្លំការបោះឆ្នោត និង សកម្មភាពគ្មានច្បាប់ ពីរបបយោធាមីយ៉ាន់ម៉ា។

ទោះបីជាលោកស្រីកំពុងតែជាប់ឃុំឃាំងយ៉ាងណាក្ដី ក៏យោធាមីយ៉ាន់ម៉ាអះអាងថា លោកស្រី អ៊ុង សាងសូជី ទទួលបានការមើលថែយ៉ាងដិតដល់ ពោលគឺមិនមានទទួលការធ្វើបាបអ្វីនោះទេ។

​ចាប់តាំងពីយោធាមីយ៉ាន់ម៉ាធ្វើរដ្ឋប្រហារទម្លាក់លោកស្រី អ៊ុង សាងសូជី ពីអំណាចកាលពីខែកុម្ភៈ ឆ្នាំ២០២១ មក លោកស្រីត្រូវបានស្ថិតក្រោមការឃុំឃាំង និង ទទួលបានការចោទប្រកាន់ជាបន្ដបន្ទាប់ ដែលរួមមាន បទកាន់កាប់ឧបករណ៍វិទ្យុទាក់ទងដោយខុសច្បាប់, បទពុករលួយ, និងបទញុះញុង់ឲ្យមានការបះបោរ ជាដើម ហើយប្រសិនបើតុលាការ រកឃើញថាមានកំហុសមែននោះ លោកស្រីនឹងត្រូវជាប់ពន្ធនាគាររាប់សិបឆ្នាំឯណោះ។ លើសពីការចោទប្រកាន់ទាំងនេះ យោធាមីយ៉ាន់ម៉ាក៏បានចោទប្រកាន់លោកស្រី ១ករណីទៀត ពី បទក្លែងបន្លំការបោះឆ្នោតកាលពីឆ្នាំ ២០២០ បន្ថែម កាលពីថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២១។ មូលហេតុដែលធ្វើឲ្យយោធាមីយ៉ាន់ម៉ាចោទប្រកាន់លោកស្រី និង គណបក្សរបស់លោកស្រី ព្រោះតែកាលនោះ គណបក្ស NLD ទទួលបានការគាំទ្រលើសលុបខ្លាំងពេក ជាហេតុធ្វើឲ្យកើតមានការសង្ស័យ។ ទោះបីជាកាលនោះ គណបក្សលោកស្រីឈ្នះឆ្នោតយ៉ាងណាក្ដី ក៏យោធាមីយ៉ាន់ម៉ាបានអះអាងថា លទ្ធផលឆ្នោតនោះទទួលបានដោយការក្លែងបន្លំ ដូច្នេះលោក មីន អោង ហ្លែង ប្រមុខយោធាមីយ៉ាន់ម៉ា សម្រេចចិត្តធ្វើរដ្ឋប្រហារ ដណ្ដើមអំណាចពីរដ្ឋាភិបាលលោកស្រី អ៊ុង សាងសូជី មកវិញ នឹងបានសន្យាថា ការបោះឆ្នោតដ៏សុក្រឹត្យថ្មីមួយ និងរៀបចំឡើងនៅប៉ុន្មានឆ្នាំខាងមុខ។

លោក មីន អោង ហ្លែង បានបន្ដទៀតថា ថ្វីត្បិតតែអតីតមេដឹកនាំមីយ៉ាន់ម៉ាលោកស្រី អ៊ុង សាងសូជី​ កំពុងតែជាប់ឃុំ និង ត្រូវបានចោទប្រកាន់បន្ថែមជាច្រើនករណីទៀតក៏ដោយ ក៏លោកស្រីមិនមានការធ្វើបាប ឬ ទទួលទោសធ្ងន់ធ្ងរអ្វីនោះទេ ជាពិសេសថែមទាំងបំពេញរាល់បំណងដែលលោកស្រី បញ្ជាឲ្យធ្វើ លើកលែងតែបំណងចេញក្រៅឃុំ នឹង ជួបប្រាស្រ័យទាក់ទងនឹងអ្នកដទៃ៕

ប្រភព៖ BBC

Telegram-Troryorng
Share.