ក្លឹប SENSE នៅកណ្តាលទីប្រជុំជនខេត្តប៉ៃលិនត្រូវអគ្គិភ័យលេបត្របាក់ បំផ្លាញអស់ទ្រព្យ សម្បត្តិទាំងស្រុងខូចខាតប្រមាណជា ១០ម៉ឺនដុល្លារ។

នគរបាលស្រុកសាលាក្រៅបានឲ្យដឹងនៅថ្ងៃទី ២០ ខែវិច្ឆកានេះថា÷ ករណីអគ្គិភ័យ នេះ បានកើតឡើងនៅថ្ងៃ ទី  ១៩ ខែ វិច្ឆិកា   ឆ្នាំ ២០២១ នៅកណ្តាលទីប្រជុំជនក្នុង ភូមិផ្សារ ព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

ក្លឹប SENSE ដែលរងការបំផ្លាញសម្ភារ:អស់ទាំងស្រុងនេះ មានអគារទំហំ ១៨ម៉ែត្រ គុណនឹង ២២ម៉ែត្រ និងម្ចាស់កម្មសិទ្ធមានឈ្មោះឃុន លីហង្ស សាក់ ភេទ ប្រុស អាយុ  ៤៨ឆ្នាំ បច្ចុប្បន្នរស់នៅ ក្នុងភូមិផ្សារព្រំ ឃុំ ស្ទឹងកាច់  ស្រុក សាលាក្រៅ ។

សមត្ថកិច្ចមូលដ្ឋានបញ្ជាក់បន្តថា÷ តាមការបំភ្លឺពីប្រជាពលរដ្ឋនៅក្បែរទីតាំងកើតហេតុ បានសន្និដ្ឋានថាហេតុការណ៍ភ្លើងឆេះក្លឹបនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនីទើបបង្កជា  អណ្តាតភ្លើងឆេះឡើងមួយរំពេចតែម្តង។ បើទោះបីជាបែបនេះក្តី ក៏នគរបាលជំនាញ បានអះអាងដែរថាកំពុងបន្តនីតិវិធីស៊ឺបអង្កេតជុំវិញករណីខាងលើ។

ក្នុងហេតុការគ្រោះអគ្គិភ័យនេះ ក្រៅពីបំផ្លាញទ្រព្យសម្បត្តិជាសម្ភារ:ច្រើនមុខ ក្នុងទំហំ ទឹកប្រាក់ប្រមាណជា ១០ម៉ឺនដុល្លាអាមេរិកនោះ  មិនបណ្តាលឲ្យគ្រោះថ្នាក់ ដល់អាយុ ជីវិតមនុស្សឡើយ៕

ដោយ: ដំបងក្រញូង

Share.