ភ្លៀងធ្លាក់យ៉ាងខ្លាំងបានធ្វើឲ្យមានការបំផ្លិចបំផ្លាញនៅក្នុងរដ្ឋ អាន់ដ្រា ប្រាដេស (Andhra Pradesh) ហើយថែមទាំងបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ២៥នាក់ស្លាប់ និង ជាង ១០០នាក់ទៀតបាត់ខ្លួននៅក្នុងហេតុការណ៍គ្រោះទឹកជំនន់យ៉ាងគំហុកភ្លាមៗ។

អាជ្ញាធរក្នុងប្រទេសសឥណ្ឌាបានរាយការណ៍ថា ទឹកជំនន់នេះបានវាយប្រហារនៅស្រុកស្រុក រ៉ាយ៉ាឡាស៊ីម៉ា (Rayalaseema) ចំនួន ៤តំបន់រួមមាន៖ ឆីតតូ (Chittoor), កាដាប៉ា (Kadapa), ឃើណួល (Kurnool) និង អាណានតាពួ (Anantapur)។

ដោយឡែកកងកម្លាំងសង្រ្គោះជាច្រើនក្រុមត្រូវបានដាក់ពង្រាយនៅក្នុងតំបន់ដែលរងគ្រោះទាំងឡាយ ដើម្បីស្វែងរក និង ជួយសង្រ្គោះអ្នកបាត់ខ្លួនជាបន្ដទៀត។

ផ្លូវដែក ផ្លូវថ្នល់ជាច្រើននៅក្នុងរដ្ឋ អាន់ដ្រា ប្រាដេស បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារតែគ្រោះទឹកជំនន់ផង និង ការរអិលបាក់ដីផង គួរដឹងថា មួយរយៈចុងក្រោយនាឆ្នាំ ២០២១នេះ ប្រទេសឥណ្ឌា គឺជាប្រទេសដែលរងគ្រោះដោយសារទឹកជំនន់ និង ការបាក់ដីជាញឹកញាប់ខុសពីរាល់ឆ្នាំ លើសពីនេះទៅទៀត ទីក្រុងញូវដេលី របស់ប្រទេសឥណ្ឌាក៏កំពុងតែរងគ្រោះដោយសារតែការបំពុលបរិយាកាសធ្ងន់ធ្ងរផងដែរ។ កត្តាទាំងអស់នេះបានធ្វើឲ្យអ្នកជំនាញខាងបម្រែបម្រួលអាកាសធាតុមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការប្រែប្រួលអាកាសធាតុរបស់ពិភពលោកទាំងមូល៕

ប្រភព៖ India TV

Telegram-Troryorng
Share.