សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា បាន​​រៀបចំ​វគ្គ​សិក្សា​អាជ្ញាកណ្ដាល​​និង​ចៅក្រម​បាល់ទះ​ក្នុង​សាល​កម្រិត​មូលដ្ឋាន (ខ ឬ B) ពី​ថ្ងៃ​ទី​២២ ដល់​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០២១ នៅ​ពហុ​កីឡដ្ឋាន​ព្រីនស៍ ដោយ​មាន​សិក្ខាកាម​ចូលរួម​ប្រមាណ​​២៨នាក់។

លោក បឹង គឹមតោ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា លើក​ឡើង​ថា ការ​បើក​វគ្គ​បណ្តុះបណ្តាល​នេះ​ក្នុង​គោល​បំណង​បណ្ដុះបណ្ដាល​អាជ្ញាកណ្ដាល​និង​ចៅក្រម​កីឡា​បាល់ទះ​កម្ពុជា ដែល​មាន​សមត្ថភាព​ស្រប​តាម​តម្រូវការ​ដើម្បី​ត្រៀម​រៀបចំ​ការ​ប្រកួត​ស៊ីហ្គេម​លើក​ទី​៣២​ឆ្នាំ​២០២៣ ដែល​កម្ពុជា ធ្វើ​ជា​ម្ចាស់​ផ្ទះ​ផង ក៏​ដូចជា​ជ្រើសរើស​អាជ្ញាកណ្ដាល​ដែល​មាន​សមត្ថភាព​ភាសា​អង់គ្លេស​ដើម្បី​បន្ត​ចូល​រៀន​វគ្គ​អាជ្ញាកណ្ដាល​អន្តរជាតិ ព្រម​ទាំង​បណ្តុះបណ្តាល​អាជ្ញាកណ្ដាល​ឱ្យ​មាន​កម្រិត​ស្តង់ដារ​ជាតិ​និង​អន្តរជាតិ​ផង។

​វគ្គ​សិក្សា​នេះ​មាន​លោក ទែន ឡន អាជ្ញាកណ្ដាល​បាល់ទះ​អន្តរជាតិ​ប្រចាំ​កម្ពុជា និងលោក កួន គន្ធី ជា​គ្រូ​ឧទ្ទេស ខណៈ​មេរៀន​ផ្ដោត​លើ​ចំណុច​សំខាន់ៗ​ចំនួន​៧​ក្នុង​នោះ​និយាយ​ពី ១ ទីកន្លែង​និង​បរិក្ខារ, ទី២ Protocol, ទី៣ តួរនាទីអាជ្ញាកណ្ដាល,ទី៤ ការ​ប្រព្រឹត្តិទៅ​នៃ​អ្នក​ចូលរួម,​ទី៥ កីឡាករ Libero, ទី៦ សន្លឹក​កត់ត្រា​ពិន្ទុ​និង​ទី៧ ច្បាប់​ល្បែង​កីឡា​បាល់ទះ។

នៅ​ក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​ ព្រឹក​ថ្ងៃ​ចន្ទ សប្ដាហ៍​នេះ​ឯកឧត្តម ស សុខា អនុ​ប្រធាន​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា​​ នេះ​ជា​វគ្គ​សិក្សា​​កម្រិត​-ខ ខណៈ​កន្លង​មក​សហព័ន្ធ​ធ្លាប់​បាន​បើក​វគ្គ​សិក្សា​កម្រិត​-គ តាម​រយៈ​ប្រព័ន្ធ Zoom ដោយ​ជោគជ័យ​២វគ្គ​ហើយ ទាំង​ក្នុង​​ស្ថានភាព​កូវីដ-១៩។

ឯកឧត្តម​បន្ត​ថា៖«ខ្ញុំ​សង្ឃឹម និងជឿជាក់ថា អស់លោក លោកស្រី សិក្ខាកាម​ទាំងអស់ ប្រាកដ​ជា​នឹង​យកចំណេះ ជំនាញ​ដែល​ទទួល​បានពី​ការ​សិក្សា រយៈពេល ៣ថ្ងៃនេះ ដើម្បី​អភិវឌ្ឍ​នៅ​តាម​មូលដ្ឋាន​ ឬ​សមាគមន៍ ឬ​ក្លិប​បាល់ទះ ឬ​ស្ថាប័ន ដែល​ខ្លួន​ធ្វើការ នា​ពេល​ខាង​មុខ ជា​មិន​ខាន»៕

Telegram-Troryorng
Share.