ផ្ទះពលរដ្ឋចំនួន២ខ្នង ទទួលរងអគ្គិភ័យឆាបឆេះ មួយខ្នងស្ទើរតែទាំងស្រុង និងមួយខ្នងទៀត ភ្លើងឆេះរោលខ្លោចជញ្ជាំងអស់មួយចំហៀង ផ្តើមចេញពីទុស្សេចរន្តភ្លើង។

ហេតុការណ៍នេះ បង្កឲ្យភ្ញាក់ផ្អើល ប្រជាពលរដ្ឋ សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យ ជួយ អន្តរាគមន៍ កាលពីវេលាម៉ោង៣និង១៥នាទីរសៀល ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅខាងក្រោយផ្សាររវៀង ក្នុងភូមិត្នោតម្លូរ  ឃុំរបៀប  ស្រុករវៀង  ខេត្តព្រះវិហារ។

ផ្ទះរងគ្រោះទាំង២ខ្នង ផ្ទះទី១ សង់ពីឈើប្រក់ស័ង្កសី ទំហំ៦ម៉ែត្រx៧ម៉ែត្រ មានម្ចាស់ឈ្មោះ  វ៉ាន់  ថេត  ភេទប្រុស  អាយុ ៤៦ឆ្នាំ  និងប្រពន្ធឈ្មោះ  សាន  ស្រីពៅ  រស់នៅភូមិឃុំកើតហេតុ ខាងលើ ។  ចំណែកផ្ទះទី២ សង់ពីឈើប្រក់ក្បឿង ថ្មក្រោម ទំហំ៨ម៉ែត្រx១២ម៉ែត្រ ត្រូវបាន ភ្លើងឆេះរោលខ្លោចជញ្ជាំងអស់មួយចំហៀង ។

ករណីគ្រោះអគ្គិភ័យខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យ ចេញជួយ បាញ់ទឹកពន្លត់ភ្លើង ប្រើប្រាស់ទឹកអស់១០ស៊ីទែន ទើបភ្លើងរលត់ទៅវិញ ខូចខាតទ្រព្យសម្បត្តិ អស់មួយចំនួនធំ តែមិនបង្កឲ្យអ្នកណារងរបួស ៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Share.