យុវជនម្នាក់ ជិះម៉ូតូសុខៗ ស្រាប់តែលេចមុខជនសង្ស័យមួយក្រុមមានគ្នា៦ទៅ៨នាក់ ជិះម៉ូតូ៤គ្រឿងតាមមកធ្វើសកម្មភាពធាក់ផ្តួលម៉ូតូប៉ុនប៉ងយកម៉ូតូតែមិនបានសម្រេច ផ្អើលសមត្ថកិច្ចនៅជាប់នោះចេញមកទាន់ ធ្វើឲ្យក្រុមជនសង្ស័យរត់គេចបាត់អស់។ ចំណែកជនរងគ្រោះបានដួលរងរបួសធ្ងន់ នៅនឹងកន្លែងកើតហេតុ ។

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៤៥នាទីយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅតាមផ្លូវសហព័ន្ធរុស្សី ចំពីមុខ អធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ភូមិប៉ប្រ៉កត្បូង សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យសែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ យុវជនរងគ្រោះ ជិះម៉ូតូម៉ាកហុងដាឌ្រីម សេរី២០២២ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ1IY-5596 ជិះម្នាក់ឯងតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ពីលិចទៅកើត។ លុះដល់ខាងមុខអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ស្រាប់តែលេខមុខជន សង្ស័យមួយក្រុមគ្នាពី៦នាក់ទៅ៨នាក់ ជិះម៉ូតូ៤គ្រឿងតាមពីក្រោយ មកធ្វើសកម្មភាពធាក់ ផ្តួលម៉ូតូ ហើយប៉ុនប៉ងលើកម៉ូតូជនរងគ្រោះជិះរត់ តែត្រូវបានសមត្ថកិច្ចរត់ចេញមកទាន់ ធ្វើឲ្យក្រុមជនសង្ស័យផ្អើលនាំគ្នាជិះរត់គេចបាត់អស់ តែជនរងគ្រោះដួលរងរបួសធ្ងន់ ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តគ្លីនិកឯកជន១ដឹកយកទៅសង្គ្រោះភ្លាមៗ ចំណែកម៉ូតូសមត្ថកិច្ចយកទៅរក្សាទុកជាបណ្តោះអាសន្ន និងរង់ចាំទទួលបណ្តឹង ជនរងគ្រោះជាក្រោយ ៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Share.