នៅថ្ងៃច័ន្ទ ទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០២១នេះ សហរដ្ឋអាមេរិក ប្រទេសអូស្ត្រាលី និង ចក្រភពអង់គ្លេស បានរៀបចំពិធីចុះហត្ថលេខលើកិច្ចព្រមព្រៀងដ៏សំខាន់មួយ ដើម្បីឲ្យអូស្ត្រាលីអាចបំពាក់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរស្របតាមកិច្ចព្រមព្រៀងសន្ដិសុខត្រីភាគី ដែលត្រូវបានបង្កើតឡើងតាំងពីខែ កញ្ញា មកម្ល៉េស។ ​

រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក ភីតថឺ ដុតថុន (Petter Dutton) បានចូលរួមជាមួយតំណាងទូតអាមេរិក និង អូស្ត្រាលី ក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងខាងលើនេះ ដែលអនុញ្ញាតឲ្យមានការផ្លាស់ប្ដូរ ព័ត៌មានស្ដីពីការជំរុញនុយក្លេអ៊ែរកងទ័ពជើងទឹក រវាងប្រទេសរបស់ពួកគេ និង ដើម្បីឲ្យប្រទេសទាំង៣ អាចចែករំលែកបច្ចេកវិទ្យាចម្បងៗ ទាក់ទងការប្រើប្រាស់ថាមពលនុយក្លេអ៊ែរនៅក្នុងវិស័យជើងទឹកផងដែរ។ ការចុះកិច្ចព្រមព្រៀងលើកនេះ គឺជាការចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្នែកបច្ចេកវិទ្យាលើកដំបូងជាសាធារណៈរវាងប្រទេសទាំង៣ គិតចាប់តាំងពីការប្រកាស បង្កើតសម្ព័ន្ធភាពសុន្ដិសុខត្រីភាគី (AUKUS) ដែលកំពុងប្រឈមនឹងការរិះគន់ខយ៉ាងខ្លាំងពីប្រទេសចិនកាលពីកន្លងទៅ។ ដែលកិច្ចព្រមព្រៀងនេះបានធ្វើឲ្យប្រទេសចិនមានការខឹងសម្បារយ៉ាងខ្លាំង ដោយហៅកិច្ចព្រមព្រៀងនេះថា ជាគំរាមកំហែងដែល គ្មានភាពទទួលខុសត្រូវ ទាល់តែសោះ ចំពោះស្ថិរភាពក្នុងតំបន់។

ជាមួយគ្នាលោកប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រសប្ដាហ៍មុន មុនពិធីចុះហត្ថលេខាដែលត្រូវធ្វើឡើងនៅរដ្ឋធានីកង់បេរ៉ា រវាងរដ្ឋមន្រ្តីការពារជាតិអូស្ត្រាលី អ្នកការទូតរបស់សហរដ្ឋអាមេរិក និង ប្រធានឧត្តមស្នងការចក្រភពអង់គ្លេសថា កិច្ចព្រមព្រៀងនេះ និង អនុញ្ញាតឲ្យមានកិច្ចសហប្រតិបត្តិការរវាងគ្នានឹងគ្នា ហើយថែមទាំងធ្វើឲ្យប្រសើរឡើងនូវឥរិយាបថការពារគ្នាទៅវិញទៅមកបន្ថែមទៀត។
ក្រោមកិច្ចព្រមព្រៀង AUKUS ប្រទេសអូស្ត្រាលីនឹងទទួលបាននាវាមុជទឹក ដើរដោយថាមពលនុយក្លេអែរទំនើបបំផុតចំនួន ៨គ្រឿង ដែលមានសមត្ថភាពបំបាំងកាយ និងធ្វើបេសកកម្មក្នុងរយៈចម្ងាយឆ្ងាយ។ កិច្ចព្រមព្រៀងនេះ ក៏នឹងចែករំលែកព័ត៌មានសម្ងាត់, បញ្ញាសិប្បនិមិត្ត (AI) និងផលប្រយោជន៍នៃការស្រាវជ្រាវក្រោមសមុទ្រផងដែរ។

លើសពីនេះទៅទៀត វាក៏បានធ្វើឲ្យបារាំងខឹងសម្បារផងដែរ ដោយសារតែកិច្ចចចារទិញនាវាដើរដោយថាមពលនុយក្លេអ៊ែររបស់បារាំង និង អូស្ត្រាលី ត្រូវបានលុបចោល ក្រោយពេលដែលអាមេរិកផ្ដល់នាវាចម្បាំងឲ្យអូស្ត្រាលី លើកិច្ចព្រមព្រៀងនេះ៕

ប្រភព៖ CNA

Telegram-Troryorng
Share.