ក្រុមអ្នកជួយសង្រ្គោះនៅប្រទេសមីយ៉ាន់ម៉ា បានរាយការណ៍ថា យ៉ាងហោចណាស់ មនុស្ស ១៥នាក់បានលង់ទឹកស្លាប់កាលពីថ្ងៃអាទិត្យ ខណៈដែលពួកគេព្យាយាមដើរឆ្លងកាត់ផ្លូវទឹកលិចដើម្បីទៅដល់វត្ត (ខ្យេក ហ៊ីណេ) Kyeik Hne សម្រាប់ប្រារព្ធពិធីបុណ្យ។

សោកនាដកម្មនេះបានកើតឡើងនៅវត្តមួយកន្លែងនៅលើផ្ទាំងថ្ម ក្បែរទីក្រុង តាន់ប្យូហ្សាយាត (Thanbyuzayat) ក្នុងរដ្ឋ មុន (Mon) ភាគខាងត្បូងប្រទេសមីយ៉ាន់ម៉ា។ មន្ត្រីក្នុងតំបន់និយាយថា អ្នកខ្លះបានស្លាប់នៅពេលដែលពួកគេព្យាយាមដើរឆ្លងកាត់ផ្លូវដែលមានទទឹងប្រវែងត្រឹមតែ ៤ម៉ែត្រប៉ុណ្ណោះ ស្របពេលដែលពេលនោះមានទឹករលកធំៗបានបោកខ្លាំងពេក។

នេះគឺជាការដែលមិនស្ដាប់តាមអាជ្ញាធរក្នុងតំបន់ ព្រោះក្រុមមន្ត្រីនៅតំបន់នោះបានជូនដំណឹងជាមុនថា អនុញ្ញាតឲ្យប្រជាជនមកវត្តនៅម៉ោង ៦:៣០នាទីព្រឹក ប៉ុន្ដែពួកគេមិនស្ដាប់តាម ហើយព្យាយាមសម្រុកមកលឿនពេកទើបបណ្ដាលឲ្យមានហេតុការណ៍ដ៏អាក្រក់នេះកើតឡើង។ អ្នកដែលបានស្លាប់ភាគច្រើនគឺជា អ្នកដែលលោតចូលទឹកសមុទ្រ ដើម្បីគេចចេញពីការកកកុញលើផ្លូវដ៏ចង្អៀតនេះ។

សាក្សីនៅកន្លែងកើតហេតុបានប្រាប់បណ្ដាញសារព័ត៌មាន AFP ថា សាកសព ១៥នាក់ ត្រូវបានស្រង់ចេញពីសមុទ្របញ្ជូនទៅមន្ទីរពេទ្យដើម្បីរកសាច់ញាតិ ខណៈដែលមនុស្ស ៣នាក់ទៀតនៅបាត់ខ្លួននៅឡើយ ហើយក្រុមជួយសង្រ្គោះកំពុងតែតាមរកយ៉ាងសកម្ម៕

ប្រភព៖ Manila Bulletin

Telegram-Troryorng
Share.