រូបភាព​នៅ​កីឡដ្ឋានខេមបូឌាអ៊ែវេ ពេល​សម្រាក​ដោយ​សារ​ទឹកភ្លៀង (រូបថតCNCC)

ប្រកួត​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ នៃ​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន (Hun Sen Cup) លើក​ទី១៥ ឆ្នាំ​២០២១ រវាង​ក្រុម​ម្ចាស់​ផ្ទះ​បឹងកេត ជាមួយ​វិសាខា នៅ​ល្ងាច​ថ្ងៃ​ចន្ទ ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០២១ នេះ​ត្រូវ​បាន​គណៈកម្មការ​រៀបចំ​ការ​ប្រកួត លើក​ពេល​ទៅ​ធ្វើ​នៅ​ថ្ងៃ​អង្គារ ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០២១ លើ​ទីលាន​កីឡដ្ឋាន​ខេមបូឌាអ៊ែវេ ដដែល។

ការ​ប្រកួត​គូ​នេះ​ដំណើរការ​ដល់​នាទី​ទី៥៣ នៃ​ម៉ោង​ប្រកួត​ពេញ​៩០នាទី ទើប​លោក​អាជ្ញាកណ្ដាល​​ ជួប វិសាល ពន្យារ​ការ​ប្រកួត​៣០នាទី ចំនួន២ដង ដោយ​សារ​តែ​ភ្លៀង​ធ្លាក់​​ខ្លាំង ហើយ​មិន​អាច​បន្ត​ការ​ប្រកួត​ទៀត​បាន​ទើប​សម្រេច​លើក​ការ​ប្រកួត​ទៅ​ថ្ងៃ​បន្ទាប់​តែ​ម្ដង។ ចំណែក​ឯ​លទ្ធផល​នៃ​ការ​ប្រកួត​គឺ​​​ក្រុម​ម្ចាស់​ផ្ទះ​បឹងកេត នាំ​មុខ​​វិសាខា ដោយ​លទ្ធផល​១ទល់០ ហើយ​កីឡាករ សឿត ណាវ៉ា ជា​អ្នក​រក​គ្រាប់​បាល់​នាំ​មុខ​បណ្តោះអាសន្ន​នេះ។

ដូច្នេះ​ការ​ប្រកួត​រវាង​បឹងកេត និង​វិសាខា នឹង​បន្ត​ចាប់​ពី​នាទី​៥៣ រហូត​ដល់​នាទី​៩០ ដែល​នៅ​សេសសល់ ដើម្បី​រក​អ្នក​ឈ្នះ​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ជា​បន្ត។

ចំណែក​ការ​ប្រកួត​វគ្គ​ពាក់កណ្ដាល​១គូ​ទៀត​ក្រុម​ព្រះខ័នរាជស្វាយរៀង បើក​ទ្វា​កីឡដ្ឋាន​ទទួល​ក្រុម​ភ្នំពេញក្រោន នៅ​វេលា​ម៉ោង​​៦ល្ងាច​លើ​ទីលាន​កីឡដ្ឋាន​ខេត្ត​ស្វាយរៀង នៅ​ល្ងាច​ថ្ងៃ​ចន្ទ ទី២២ វិច្ឆកា នេះ​ដែរ៕

Telegram-Troryorng
Share.