បើ​តាម​ការ​បញ្ជាក់​របស់​ក្លិប​បាល់ទាត់​ខេត្ត​កោះកុង នៅ​ព្រឹក​ថ្ងៃ​អង្គារ សប្ដាហ៍​នេះ​មាន​ក្រុម​ចំនួន​៨ នឹង​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់​លីគ​កម្រិត​ទី២ (Cambodian League 2) ឆ្នាំ​២០២១ នេះ ដោយ​ការ​ប្រកួត​ចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១។

ក្រុម​ទាំង​៨ នោះ​មាន​ កោះកុងអែហ្វស៊ី, ISI ដង្កោសែនជ័យ,TIFFY Army U21,ក្លិប​បាល់ទាត់​ខេត្ត​សៀមរាប, សមាគម​កីឡា​បាល់ទាត់​ខេត្តត្បូងឃ្មុំ,​ក្លិប​បាល់ទាត់​ឬទ្ធីសែន,​សាលា​បាល់ទាត់​ជាតិ​បាទី​និង​​ក្លិប​បាល់ទាត់​ខេត្ត​បន្ទាយមានជ័យ។

យ៉ាងណាក្ដី​រង់ចាំមើល​សេចក្ដី​ប្រកាស​ជា​ផ្លូវការ​ពី​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ថា​តើ​នឹង​ជ្រើសរើស​យក​ប៉ុន្មាន​ក្រុមពី​លីគ​ទី២ នេះ​​ឡើង​ទៅ​លេង​លីគ​កំពូល​កម្ពុជា រដូវកាល​ឆ្នាំ​២០២២ ខាង​មុខ។

ក្រោយ​ពី​ពានរង្វាន់​ក្របខ័ណ្ឌ​«ក១» របស់​ក្រសួង​អប់រំយុវជន​និង​កីឡា រំសាយ​ចោល​ទៅ សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា បាន​បង្កើត​ពានរង្វាន់​លីគ​ទី២ ដើម្បី​ស្វែង​រក​ក្រុម​ឡើង​មក​ចូល​លីគ​កំពូល​កម្ពុជា ក្រោយ​ក្រុម​នៅ​បាត​តារាង ១ ឬ២ ក្រុម​ត្រូវ​កាត់​ចេញ ប្រចាំ​រដូវកាល​នីមួយៗ។ ឆ្នាំ​ដំបូង​២០១៦ ក្រុម​គីរីវង់សុខសែនជ័យ និង​អគ្គីសនីកម្ពុជា ជា​ក្រុម​ឡើង​ទៅ​លីគ​កំពូល​កម្ពុជា ហើយ​ឆ្នាំ​២០១៧ ក្រុម​វិសាខា ឡើង​មក​លីគ​កំពូល​កម្ពុជា ឆ្នាំ​២០២០ ក្រុម​ខេត្ត​ព្រៃវែង ឡើង​មក​លីគ​កំពូល​កម្ពុជា៕

Telegram-Troryorng
Share.