ប៉ូលីសកំពុងតែស៊ើបអង្កេត ស្វែងរកមូលហេតុក្រោយ ហេតុការណ៍ជនអនាមិកបើករថយន្ដបុករះសម្លាប់មនុស្ស នៅរដ្ឋ វីសខុនស៊ិន (Wisconsin) ភាគខាងជើងសហរដ្ឋអាមេរិក។

ជនបង្កបានបើករថយន្ដប្រភេទ SUV បើកសំដៅចូលក្បួនដង្ហែពិធីបុណ្យណូអែលនៅក្នុងទីក្រុង វ័រគេហ្សា (Waukesha) ចំណែកអ្នកដែលរងគ្រោះភាគច្រើនសុទ្ធសឹងតែជាកុមារ។

ក្រោយហេតុការណ៍នេះបានកើតឡើង ប៉ូលីសបាននាំខ្លួនមនុស្សម្នាក់យកទៅឃុំឃាំង នៅបុស្ដិ៍ប៉ូលីសដើម្បីធ្វើការសាកសួរ។ ប៉ុន្ដែទោះជាយ៉ាងណាមន្ត្រីប៉ូលីសក្នុងរដ្ឋ វីសខុនសិន (Wisconsin) បានបញ្ជាក់ថា ឧប្បត្តិហេតុនេះទំនងជាមិនមែនអំពើភេរវកម្មនោះទេ ហើយមន្រ្តីប៉ូលីសនៅទីនេះនឹងបន្តស៊ើបអង្កេតជាបន្តទៀត។ ក្នុងហេតុការណ៍នេះបានបណ្ដាលមនុស្សចំនួន ៥នាក់ស្លាប់ និង ៤៨នាក់ផ្សេងទៀតរងរបួស ក្នុងនោះអ្នកស្លាប់ ៤នាក់ជាមនុស្សស្រី ចំណែកឯអាយុរបស់ពួកគេគឺមានអាយុចន្លោះពី ៥២ឆ្នាំ ដល់ ៧៩ឆ្នាំ រីឯអ្នកស្លាប់ម្នាក់ទៀតគឺជាមនុស្សប្រុសដែលមានអាយុ ៨១ឆ្នាំ ក្រៅពីនេះសុទ្ធតែជាអ្នករងរបួសដែលភាគច្រើនសុទ្ធតែជាកុមារដែលមានអាយុ ១១ឆ្នាំ ឡើងទៅ។

អភិបាលរដ្ឋ វីសខុនស៊ិន (Wisconsin) លោក តូនី អេវើស (Tony Evers) បានសរសេរសារនៅក្នុងបណ្ដាញសង្គម ថ្វីតធើ (Twitter) ថា លោកកំពុងអធិស្ឋានសម្រាប់ប្រជាជនក្នុងទីក្រុង វ័រគេហ្សា (Waukesha) ដែលបានរងគ្រោះនៅក្នុងឧប្បត្តិហេតុដ៏អាក្រក់នេះ។

លោកអរគុណដល់មន្ត្រីប៉ូលីសក្នុងតំបន់ដែលមានចំណាត់ការទាន់ពេលវេលា ក្នុងការចាប់ខ្លួនជនសង្ស័យមកឃុំខ្លួនបណ្ដោះអាសន្ននៅបុស្ដិ៍ប៉ូលីស
និង បានបញ្ជូនជនរងគ្រោះទៅសង្រ្គោះនៅមន្ទីរពេទ្យទាន់ពេលវេលា យើងនឹងរង់ចាំការរាយការណ៍បន្ថែមទៀត៕

ប្រភព៖ CNN & ABC News

Telegram-Troryorng
Share.