រដ្ឋបាលខេត្តកណ្តាល បានជំរុញដល់មន្ទីរពាក់ព័ន្ធ និងកងកម្លាំងមានសមត្ថកិច្ច ត្រូវបន្តចាត់វិធានការឱ្យបានម៉ឺងម៉ាត់ ដល់ម្ចាស់អាជីវកម្ម ឱ្យអនុវត្តតាមកិច្ចសន្យា និងច្បាប់ពាក់ព័ន្ធនានា។ រាល់ការដឹកខ្សាច់ ដឹកដីត្រូវអនុវត្តតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ដឹកកុំឱ្យហុយ និងជ្រុះខ្សាច់មកលើផ្លូវ ដែលបានធ្វើឱ្យប៉ះពាល់ ដល់អ្នកធ្វើដំណើរ និងប្រជាពលរដ្ឋរស់នៅតាមដងផ្លូវ។ក្នុងនោះម្ចាស់អាជីវកម្មត្រូវរួមគ្នា ជួយចេញថ្លៃបោសម្អាតជារៀងរាល់ខែ។

នៅក្នុងកិច្ចប្រជុំពិនិត្យ និងណែនាំទៅដល់អាជីវកម្មដឹកខ្សាច់ ក្នុងក្រុងតាខ្មៅនាពេលថ្មីៗនេះ លោក ណុប តារា អភិបាលរងខេត្តកណ្តាល បានស្នើដល់មន្ទីរពាក់ព័ន្ធ កម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរក្រុង ត្រូវរួមសហការគ្នាចុះពិនិត្យដល់ទីតាំង អាជីវកម្មខ្សាច់ ដើម្បីដឹងថាតើម្ចាស់អាជីវកម្មទាំងនោះ មានការសំអាត និងបានធ្វើកន្លែងលាងរថយន្តខ្សាច់ មុនពេលដឹកខ្សាច់ចេញពីដេប៉ូ ត្រឹមត្រូវដែលឫទេ បើម្ចាស់អាជីវកម្មណាមួយមិនសហការនេះអាជ្ញាធរត្រូវអនុវត្តតាមច្បាប់ ដោយគ្មានការយោគយល់ឡើយ។

លោក  ក៏បានស្នើដល់ម្ចាស់អាជីវកម្ម ទាំង២២ដេប៉ូ ឱ្យចូលរួមដើម្បីធានាការថែទាំ ផ្លូវ(២៨,៥គម) លូ ឱ្យបានស្អាតជាប្រចាំ ដោយគិតចាប់ពី ផ្លូវ២១អា និងផ្លូវ២១បេ ប្រវែង ៦គម ព្រមទាំងឱ្យម្ចាស់អាជីវកម្មទាំងអស់ ត្រូវចូលរួមជួសជុលកំណាត់ផ្លូវដែលខូចខាត ប្រសិនបើការដឹកជញ្ជូនធ្វើឱ្យខូចខាតផ្លូវ និងស្នើដល់ម្ចាស់អាជីវកម្មត្រូវរួមគ្នា ជួយចេញថ្លៃបោសម្អាតជារៀងរាល់ខែ ដែលមានតម្លៃសរុបចំនួន១រយលានរៀល ដោយសំដៅលើការបោសសម្អាតផ្លូវ ការជួសជុល និងថែទាំផ្លូវ ព្រមទាំងស្ដារលូ ដែលត្រូវប្រើប្រាស់ គ្រឿងចក្រចំនួន ០៧គ្រឿង និងកម្មករ ២៥នាក់។

ក្នុងនោះដែរអភិបាលរងខេត្តកណ្ដាល បានណែនាំឲ្យម្ចាស់អាជីវកម្មទាំង២២ដេប៉ូ រួមចំណែកថែរក្សា និងជួសជុលផ្លូវ ក៏ដូចជាចូលរួមស្ដារលូ ដើម្បីផ្លូវស្អាត និងគ្មានទឹកដក់ផងដែរ៕

អត្ថបទ៖មិនា

Share.