តារា​សម្ដែង​ស្រី ហ្វា​ហ្វា បន្ទាប់ពី​បែកបាក់​ទំនាក់ទំនង​ស្នេហា​មក កញ្ញា​ដូចជា​មិនទាន់​បើកភ្លើង​ខៀវ​ទទួលយក​បុរស​ថ្មី​ចូល​នៅក្នុង​ជីវិត​នៅឡើយ។ តែ​នៅ​ថ្ងៃ​ម្សិលមិញ​នេះ ស្រាប់តែ​បានឃើញ​តារា​ស្រី​ស្អាត​សាច់​សខ្ចី​រូបនេះ​បង្ហាញខ្លួន​គ្រង​ឈុត​កូនក្រមុំ​យ៉ាង​ស្រស់ស្អាត ទំនង​ដូចជា​ចង់​ប្រាប់​អ្នក​កាន់​អ្នកគាំទ្រ​ខ្លួន​ថា កញ្ញា​ជិត​មាន​ដំណឹង​ល្អ​អ៊ីចឹង។

ជួប​សម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាន​ត្រយង តារា​ស្រី​រាង​តូច​ច្រលឹង ហ្វា​ហ្វា បាន​ប្រាប់​និយាយ« ថ្ងៃនេះ​ជា​ថ្ងៃ​ពិសេស​របស់ខ្ញុំ  ខ្ញុំ​គ្រង​ឈុត​កូនក្រមុំ តែ​មិនមែន​ជិត​រៀបការ​ទេ។ ថ្ងៃនេះ​គឺ​ខ្ញុំ​ត្រូវបាន​អញ្ជើញ​ឱ្យចូល​រួម​បង្ហាញ​ម៉ូដ​ឈុត​កូនក្រមុំ ដែលជា​ស្នាដៃ​របស់​ហាង Chao Khon Tailor ជា​ហាង​កាត់ដេរ​សម្លៀកបំពាក់​ល្បីឈ្មោះ មកពី​ប្រទេស​ថៃ»។

កញ្ញា​បាន​បន្ដ​រៀបរាប់​ទៀតថា កញ្ញា​ពិតជា​រំភើប​ខ្លាំង​មែនទែន នៅពេល​បាន​គ្រង​ឈុត​នេះហើយ ព្រោះនេះ​ជា​ក្ដី​ស្រ​ម៉ៃ​របស់​កញ្ញា ដែល​ចង់បាន​ពេលវេលា​ពិសេស​សម្រាប់​ជីវិត​ក្នុងពេលឆាប់។ តែ​យ៉ាងណាមិញ រហូតមកទល់​ពេលនេះ បេះដូង​របស់​កញ្ញា​សុំ​ពេល​ចាក់សោរ​ទុក​មួយរយៈ​សិន រហូត​ទាល់​តែមាន​វិ​រៈ​បុរស​ជិះសេះ​សរក​កូនសោរ​នោះ​ឃើញ ទើប​កញ្ញា​ព្រម​បើក​បេះដូង​វិញ។ កញ្ញា​បន្ដថា បើ​មាន​ថ្ងៃនេះ​មែន កញ្ញា​ក៏​មិន​រំលង​ឈុត​ជាច្រើន​ដែលមាន​ក្នុង​ហាង Chao Khon Tailor នេះដែរ។

ជាមួយគ្នា​នោះដែរ មិនមែន​មានតែ​កញ្ញា ហ្វា​ហ្វា ម្នាក់​ទេ​ដែល​បានបង្ហាញ​ឈុត​កូនក្រមុំ​ដែលមាន​តម្លៃ​ខ្ទង់​ម៉ឺន​ដុល្លារ​នេះ។ នៅក្នុង​នោះគេ​ឃើញ​មាន​តារា​ប្រុស​ស្រី ៥ដួង​ផ្សេងទៀត ចាប់​ដៃគូ​គ្នា​ម្នាក់មួយគូៗ គ្រង​ឈុត​កូនកំលោះ​កូនក្រមុំ ដើរ​បង្ហាញ​មហាជន រួមមាន៖ កញ្ញា ព្រះកាយ​ច័ន្ទ លោក មុំ សុធា​រ៉ា កញ្ញា អែម គន់​ថង លោក ចូ​អ៊ី និង​លោក វឌ្ឍនៈ។

នាយិកា​ហាង​កាត់ដេរ​សម្លៀកបំពាក់ Chao Khon Tailor អ្នកនាង សេរី​ណាត់ ស៊ុ​ង​ប្រៈ​សីទ បាន​រៀបរាប់​អ្នកសារព័ត៌មាន​ត្រយង​ថា ដោយ​សម្លឹង​ឃើញ​ទីផ្សារ​នៅ​ប្រទេស​កម្ពុជា មានការ​ចូលចិត្ត​បែប​ប្រណីតភាព ហាយ​សូ មិន​ឆើតឆាយ ទើប​អ្នកនាង​សម្រេចចិត្ត​នាំ​ប្រ៊េ​ន​ហាង​កាត់ដេរ​សម្លៀកបំពាក់​ដ៏​ល្បី​នៅ​ប្រទេស​ថៃ​មួយ​នេះ មក​បើក​សេវាកម្ម​ជូន​ប្រជាជន​ខ្មែរ។ នាង​បន្ដថា អតិថិជន​របស់​ហាង Chao Khon Tailor មិន​ត្រឹមតែ​ជា​មហាជន​ទូទៅ​ទេ តែ​ក៏មាន មន្ត្រី ថ្នាក់ដឹកនាំ​ប្រទេស​ថៃ ធ្លាប់មាន​ការគាំទ្រ​សម្លៀកបំពាក់​របស់​ហាង​មួយ​នេះ តាំងពី​ឆ្នាំ ១៩៦៥ មក​ម្លេះ។ អ្នកនាង​ជឿថា នៅក្នុង​ប្រទេស​កម្ពុជា​ក៏មាន​ការពេញនិយម​សម្លៀកបំពាក់​បែប​ប្រណិត​ភាព​ដូច​នៅ​ប្រទេស​ថៃ​ដែរ ហើយ​ហាង Chao Khon Tailor នឹង​ចូលមក​ខ្លួន​មក​បំពេញតម្រូវការ​ប្រជាជន​ខ្មែរ​ចាប់ពី​ថ្ងៃនេះ​តទៅ៕

Share.