ភ្នំពេញ÷ផ្ទះឈើលើថ្មក្រោមចំនួន2ខ្នងត្រូវអគ្គិភ័យលេបត្របាក់អស់ទាំងស្រុងនិងបានឆេះ រាលដាលដល់ផ្ទះថ្មកម្ពស់3ជាន់នៅក្បែរនោះឲ្យរងការខូចខាតបន្តិចបន្តួចទៀតក្នុងករណីគ្រោះអគ្គិភ័យ បណ្ដាលមកពីប្ដីប្រពន្ធមួយគូឈ្លោះប្រកែកគ្នា ហើយដុតចង្ក្រានបាយ អោយឆេះរាលដាលរួចគេចខ្លួនបាត់ស្រម៉ោល។

ករណីគ្រោះអគ្គិភ័យនេះកើតឡើងនៅយប់ថ្ងៃទី 23 ខែវិច្ឆិកាឆ្នាំ 2021នៅខាងក្រោយវត្តចំការដូងក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គីភ័យនិងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានប្រាប់ឲ្យដឹងថា ដោយសារតែស្ថានភាពផ្លូវ មាន  លក្ខណៈតូចចង្អៀតមិនអំណោយផលក្នុងការឲ្យរថយន្តពន្លត់អគ្គីភ័យចូលបាញ់ពន្លត់ ទើបឆេះរាលដាលអស់ផ្ទះ ចំនួន2ខ្នង។

ផ្ទះដែលរងការឈាបឆេះនោះ ផ្ទះទីមួយមានទំហំ 5ម៉ែត្រ គុណនឹង 15 ម៉ែត្រឆេះអស់ទាំងស្រុងរួមជាមួយនឹងសម្ភារៈប្រើប្រាស់ក្នុងផ្ទះទាំងអស់ ហើយបន្តឆេះរាលដាលទៅផ្ទះមួយខ្នងទៀត ទំហំ 7 ម៉ែត្រ  គុណនឹង 17ម៉ែត្រ រួមទាំងសម្ភារៈទាំងអស់ រួចបន្តឆេះរាលដាលដល់ផ្ទះថ្មកម្ពស់ 3 ជាន់នៅក្បែរនោះរងការខូចខាតបន្តិចបន្តួចទៀតទើបសមត្ថកិច្ចបាញ់ទឹកពន្លត់បានទាំងស្រុង។

មូលហេតុនៃការឆាបឆេះក្លាយជាអគ្គិភ័យយ៉ាងសន្ធោសន្ធៅនេះបណ្ដាលមកពីប្ដីប្រពន្ធមួយគូឈ្លោះប្រកែកគ្នាហើយដុតចង្ក្រានរាលដាលបង្កជាអគ្គិភ័យឆាប់ឆេះផ្ទះអស់ចំនួន2ខ្នងក្លាយជាផេះផង់។ក្នុងករណីគ្រោះអគ្គីភ័យនេះពុំបណ្ដាលអោយមានអ្នករងរបួសនោះទេ។

សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ សមត្ថកិច្ចប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់    អគ្គិភ័យ ចំនួន  ៦គ្រឿង ប្រើប្រាស់ទឹកអស់  ៦ឡាន ស្មើរនឹង ២៤ម៉ែត្រគូប  និងរថយន្តពន្លត់អគ្គិភ័យជំនួយមកពីក្រុមហ៊ុន  ស្រាបៀរកម្ពុជា  ចំនួន  ១គ្រឿង  ប្រើប្រាស់ទឹកអស់  ១ឡាន  ស្មើនឹង  ៦ម៉ែត្រគូប  ទើបរលត់ទាំងស្រុង នៅវេលាម៉ោង  ១១និង៥៥នាទីយប់នាថ្ងៃដដែរ៕

អត្ថបទ៖សុខលី

Share.