បុរសម្នាក់បានរងរបួសបាក់ជើងខាង ឆ្វេងត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗនិងរថយន្តស៊េរីទំនើប 3 គ្រឿងផ្សេងទៀតបានរងការខូចខាតគិតជាទឹកប្រាក់អស់រាប់ម៉ឺនដុល្លារក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តកាមរីហាយព្រីតមួយគ្រឿង។

បើតាមតាមប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ ដំបូងឡើយគេឃើញរថយន្ត   កាមរីហាយព្រីតមួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ2V-7374បើកបរដោយបុរសម្នាក់តាមបណ្ដោយផ្លូវលេខ 163 ក្នុងទិសដៅពីជើងទៅត្បូង។ លុះមកដល់ចំណុចកើតហេតុក៏បានបុកពេញទំហឹងជាមួយម៉ូតូហុងដា ឌ្រីមពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1BQ-9563 បើកបរដោយបុរសម្នាក់ក្នុងទិសដៅបញ្ច្រាសគ្នាខ្ទាតជិត 100 ម៉ែត្របណ្ដាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់បាក់ភ្លៅខាងឆ្វេងត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ចំណែកឯម៉ូតូរងការខូចខាតយ៉ាងដំណំស្ទើរតែមើលមិនយល់។រថយន្តបង្កមិនទាន់បានឈប់ទេបានចូលជ្រុលចង្កូតទៅបុកជាមួយនឹងរថយន្តស៊េរីទំនើប 3 គ្រឿងផ្សេងទៀតដែលចតចោលមុខផ្ទះបណ្ដាលឱ្យរងការខូចខាត គិតជាទឹកប្រាក់អស់រាប់ម៉ឺនដុល្លារ។   រថយន្តទាំង 3 គ្រឿងនោះមានរថយន្ត 570 គូរូពណ៌ខ្មៅមួយគ្រឿង រថយន្ត bmw ពណ៌សមួយគ្រឿង រថយន្ត លុចស៊ី RX-200Tពណ៌សមួយគ្រឿង។

ករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តកាមរីហាយព្រីត នេះកើតឡើងនៅយប់ថ្ងៃទី 23 ខែវិច្ឆិកាឆ្នាំ 2021 តាមបណ្ដោយផ្លូវលេខ 163 ក្នុងសង្កាត់ ទួលស្វាយព្រៃទី 1 ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ក្រោយពីកើតហេតុសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកក្រុងភ្នំពេញបានចុះមកទីតាំងកន្លែងកើតហេតុស្ទូចរថយន្តនិងម៉ូតូយកទៅរក្សាទុកនៅការិយាយល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកធ្វើការដោះស្រាយនៅពេលក្រោយ៕

អត្ថបទ៖សុខលី

Share.