កាលពីថ្ងៃទី ២៣ ខែ វិច្ឆិកា សហរដ្ឋអាមេរិកបានអះអាងថា ខ្លួននឹងបញ្ចេញប្រេងចំនួន ៥០លានបារ៉ែល ដើម្បីបញ្ចុះតម្លៃប្រេងអន្តរជាតិ។

សេតវិមានបានចេញសេចក្ដីថ្លែងការណ៍នេះ បន្ទាប់ពីប្រភពមួយនៅក្នុងរដ្ឋបាលសហរដ្ឋអាមេរិកបានឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោនកំពុងតែរៀបចំផែនការជាមួយអ្នកប្រើប្រាស់ថាមពលអាស៊ីសំខាន់ៗ ដើម្បីជំរុញឲ្យតម្លៃធ្លាក់ចុះពីកម្រិតខ្ពស់បំផុតក្នុងរយៈពេលជិត ៣ឆ្នាំ។

ខណៈដែលប្រធានាធិបតីអាមេរិកលោក Joe Biden បានអំពាវនាវម្តងហើយម្តងទៀតឲ្យអង្គការនៃប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្តរបស់ខ្លួន ដែលគេស្គាល់ថា OPEC+ បូមប្រេងបន្ថែមទៀត។

ប៉ុន្តែក្រុមនេះ បានច្រានចោលសំណើនេះ ដោយសារតែសមាជិកបាននិងកំពុងតស៊ូដើម្បីបំពេញតាមគោលដៅដែលមានស្រាប់របស់ខ្លួន សម្រាប់ការបង្កើនផលិតកម្ម និងចំពេលមានការព្រួយបារម្ភថា ការកើតឡើងវិញនៃករណីឆ្លងជំងឺកូវីដ១៩ អាចជំរុញឲ្យតម្រូវការធ្លាក់ចុះ។

ការបញ្ចេញប្រេងពី ទុនបម្រុងប្រេងយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក នឹងមានទម្រង់ជាការលក់កម្ចីទៅឲ្យក្រុមហ៊ុននានា ហើយត្រូវតែប្រគល់ប្រេងឆៅមកវិញនៅពេលក្រោយ។

ដោយឡែកមន្ត្រីសហរដ្ឋអាមេរិកម្នាក់និយាយថា នេះគឺជាលើកទីមួយហើយ ដែលសហរដ្ឋអាមេរិក សម្របសម្រួលការបញ្ចេញប្រេងជាមួយនឹងអ្នកប្រើប្រាស់ប្រេងដ៏ធំបំផុតរបស់ពិភពលោកមួយចំនួន។កិច្ចខិតខំប្រឹងប្រែងមិនធ្លាប់មានពីមុនមកដោយទីក្រុងវ៉ាស៊ីនតោន
ក្នុងការសហការជាមួយប្រទេសសេដ្ឋកិច្ចធំៗនៅអាស៊ី ដើម្បីកាត់បន្ថយតម្លៃថាមពល បានបញ្ជូនសារព្រមានដល់អង្គការ OPEC និងអ្នកផលិតធំៗផ្សេងទៀតថា ពួកគេចាំបាច់ត្រូវដោះស្រាយការព្រួយបារម្ភអំពីតម្លៃប្រេងឆៅខ្ពស់ដែលកើនឡើងជាង ៥០ភាគរយទៅហើយរហូតមកដល់ពេលនេះ៕

ប្រភព៖ Aljazeera

Telegram-Troryorng
Share.