ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​បាន​បន្សល់​ឱ្យ​បុរស​ម្នាក់​រង​របួស​បាក់​ជើង​ខាង​ឆ្វេង​ ហើយ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​​ឯ​មន្ទីរពេទ្យ​ភ្លាម​ៗ​ ចំណែក​រថយន្ត​ទំនើប​៣​គ្រឿង​ផ្សេង​ទៀត​ ក៏​រង​​ការ​ខូចខាត​ជា​ដំណំ​ គិត​ជា​ទឹក​ប្រាក់​រាប់ម៉ឺន​ដុល្លារ​ ដែល​គ្រោះ​ថ្នាក់​នេះ​បង្ក​ឡើង​ដោយ​រថយន្ត​កាមេរី​ហាយ​ព្រីត​មួយ​គ្រឿង​។ ខណៈ​ដែល​រឿង​ហេតុ​នេះ​ស្ថិត​នៅ​ក្នុង​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​សាធារណជន​ និង​តាមដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​នោះ​ ស្រាប់​តែ​ស្រី​ស្អាត​ម្នាក់​ជា​​ម្ចាស់​រថយន្តទំនើប​ទាំង​៣​គ្រឿង បាន​ចេញ​មក​ប្រកាស​ស្វែង​រក​ជំនួយ​ជួយ​ដល់​ជន​រងគ្រោះបាក់ជើង​ឆ្វេង​នៅ​ក្នុង​ហេតុការណ៍​គ្រោះ​ថ្នាក់​នេះ​ទៅវិញ​។

យោង​តាម​ប្រភព​ពី​ប្រជា​ពលរដ្ឋ​ដែល​បាន​ឃើញ​ហេតុការណ៍​ខាង​លើ​នេះ​បាន​ឱ្យ​ដឹង​ថា​៖ «ដំបូង​ឡើយ​គេឃើញរថយន្តកាមរីហាយព្រីតមួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2V-7374បើកបរដោយបុរសម្នាក់តាមបណ្ដោយផ្លូវលេខ 163 ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុក៏បានបុកពេញទំហឹងជាមួយនឹងម៉ូតូហុងដា ឌ្រីមពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1BQ-9563 បើកបរដោយបុរសម្នាក់ក្នុងទិសដៅបញ្ច្រាស់ណាពេញទំហឹងឃ្ទាត់ជិត 100 ម៉ែត្របណ្ដាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់បាក់ភ្លៅខាងឆ្វេងត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗចំណែកឯម៉ូតូរងការខូចខាតយ៉ាងដំណំស្ទើរតែមើលមិនយល់។ រថយន្តបង្កមិនទាន់បានឈប់ទេបានចូលជ្រុលចង្កូតទៅបុកជាមួយនឹងរថយន្តស៊េរីទំនើប 3 គ្រឿងផ្សេងទៀតដែលចតចោលមុខផ្ទះបណ្ដាលឱ្យរងការខូចខាតគិតជាទឹកប្រាក់អស់រាប់ម៉ឺនដុល្លារ»។

រថយន្តទាំង 3 គ្រឿង​ដែល​រង​គ្រោះ​ថ្នាក់​ខូចខាត​នោះមាន រថយន្ត 570 គូរូពណ៌ខ្មៅមួយគ្រឿង រថយន្ត bmw ពណ៌សមួយគ្រឿង រថយន្ត លុចស៊ី RX-200Tពណ៌សមួយគ្រឿង

ក្រោយ​ហេតុការណ៍​គ្រោះ​ថ្នាក់​ដែល​បណ្ដាល​ឱ្យ​រថយន្ត​រង​នូវ​ការ​ខូចខាត​រហូត​មាន​មនុស្ស​បាក់ជើង​ត្រូវ​ទៅ​សង្គ្រោះនៅ​មន្ទីរពេទ្យ​នោះ​ស្រាប់​តែ​ស្រីស្អាត​ដែល​ជា​ម្ចាស់​ផលិតផល​លក់​អនឡាញ​មាន​ឈ្មោះ​ Moss Only ឬ​កញ្ញា​ ជីងជីង បាន​ចេញ​មក​ប្រកាស​នៅ​លើ​ផេក​ហ្វេសប៊ុក​របស់​ខ្លួន​ដែលមាន​ចំនួន​អ្នក​តាមដាន​ (Follow) ជាង​៩០​K បាន​ចេញ​មក​អំពាវនាវ​ឱ្យ​អ្នក​ស្គាល់​និង​តាម​ដាន​កញ្ញា​ចូលរួម​ជា​ថវិការ​ដើម្បី​ជួយ​ដល់​ជន​រងគ្រោះ​ដែល​អាច​នឹង​ប្រឈម​នឹង​កាត់​ជើង​ទាំង​សង​ខាង​ តាម​រយៈ​ខ្លួន​ថែម​ទៀត​ផង​។

ជនបង្ក

«យប់មិញគេបុកឡានខ្ញុំទាំង3 និងបុកមនុស្សម្នាក់រងរបួសធ្ងន់ណាស់​ គឺអាចនិងកាត់ជេីង​ទាំងពី​ 😭 មេីលទៅគាត់អត់មានលុយទេ​ ខ្ញុំសុំបងៗម្នាក់តិចៗ ជួយគាត់ផង​ 🙏🏻បងៗអាចផ្ញេីមកខ្ញុំបានណា​ ខ្ញុំគឺម្ចាស់ឡានដែលគេបុក​ 🙏🏻 លុយទទួលបានខ្ញុំនិងយកទៅអោយគាត់​ 🙏🏻ABA 522 522 522 Khuon Ching Ching»

ទង្វើ​របស់​ស្រី​ស្អាត​រូប​នេះ​ ត្រូវ​បាន​មហាជន​កោត​សរសើរ​យ៉ាង​ខ្លាំង​ ព្រោះ​សកម្មភាព​មនុស្ស​ធម៌​របស់​នារី​វ័យ​ក្មេង​រូប​​នេះ​បាន​បង្ហាញ​ថា​សង្គម​ខ្មែរ​យើង​នៅ​តែ​មាន​ការ​ស្រលាញ់ ​ចែក​រំលែក​ និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​មនុស្ស​ជាតិ​ ដោយ​មិនខ្វល់​ពី​សេចក្ដីសុខ​និង​ទ្រព្យ​សម្បត្តិ​​ផ្ទាល់​ខ្លួន​ តែ​ព្រួយ​បារម្ភ​ពី​សុខសុវត្ថិ​ភាព​និង​អាយុ​​ជីវិត​​មនុស្ស​ជា​ធំ​ ហើយ​ក៏​ជា​គំរូមួយ​ដល់​អ្នក​ផ្សេង​ៗ​ក្នុង​ការ​យក​ជា​គំរូ​តាម​ផង​ដែរ​។ មួយ​ផុស​នេះ​មាន​ចំនួន​ចែក​រំលែក​ជាង​២K ចំនួន​ចូលចិត្ត​គាំទ្រ​ជាង​ ២K និង​ Comment រាប់រយ​ថែម​ទៀត​។

គួរ​ដឹង​ថា​ ករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តកាមរីហាយព្រីត នេះកើតឡើងនៅយប់ថ្ងៃទី 23 ខែវិច្ឆិកាឆ្នាំ 2021 តាមបណ្ដោយផ្លូវលេខ 163 ក្នុងសង្កាត់ ទួលស្វាយព្រៃទី 1 ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ៕​

Telegram-Troryorng
Share.