កាលពី​ថ្ងៃ​ពុធ សប្ដាហ៍​នេះ យោធា​មី​យ៉ាន់​ម៉ា​បាន​ចាប់ខ្លួន​ពេទ្យ​ចំនួន ១៨នាក់ ដោយសារតែ​បាន​ព្យាបាល​ជំងឺ​ឲ្យ​សមាជិក​នៃ អង្គការ​ភេ​វរ​ករ ដោយ​សំដៅ​ទៅលើ​ក្រុមប្រឆាំង​រដ្ឋាភិបាល​ខុសច្បាប់។ កងទ័ព​បានធ្វើ​ការចាប់​ខ្លួន អំឡុងពេល​វាយឆ្មក់​ក្នុង​ព្រះវិហារ​មួយកន្លែង​ក្នុង​ទីក្រុង ឡាយ​ក័​រ (Loikaw) ភាគ​ខាងកើត​រដ្ឋ ក្យ៉ា (Kayah)។

គ្រូពេទ្យ​ទាំងអស់​នោះបាន​ព្យាបាល​អ្នកជំងឺ​ចំនួន ៤៨នាក់ ក្នុងនោះ​អ្នកជំងឺ​ចំនួន ៧នាក់ វិជ្ជមាន​កូ​វីដ១។ កាសែត Global New Light of Myanmar ជា​កាសែត​នាំពាក្យ​របស់​យោ​ធាន​មី​យ៉ាន​ម៉ា​បាន​ចុះផ្សាយ​ថា វា​ត្រូវបាន​យោធា​ដឹងថា ការព្យាបាល​ក្រៅផ្លូវការ កំពុង​ត្រូវបាន​ផ្ដល់ជូន​អ្នករបួស និង អ្នកជំងឺ​មកពី​អង្គការ​ភេ​វរ​ករ។ ទោះជា​យ៉ាងណា របាយការណ៍​នេះ​មិនបាន​បញ្ចេញ​ឈ្មោះ​អង្គការ​នោះទេ ហើយ​គ្រូពេទ្យ​ទាំង ១៨នាក់​នេះ នឹងត្រូវ​ដោះស្រាយ​តាមច្បាប់។

គួរ​ដឹងថា ប្រព័ន្ធ​ថែទាំ​សុខភាព​របស់​មី​យ៉ាន់ ជិត​ដួលរលំ​ទៅហើយ ចាប់តាំងពី​កងទ័ព​ផ្ដួលរំលំ​រដ្ឋាភិបាល​ជាប់ឆ្នោត​ក្នុង​រដ្ឋប្រហារ​ថ្ងៃទី ១ ខែ កុម្ភៈ កន្លងទៅ។ បុគ្គលិក​ពេទ្យ​ជាច្រើន​បាន​ចូលរួម​ចលនា​មិន​គោរព​ច្បាប់​ស៊ីវិល ហើយ​បាន​បដិសេធ​មិន​ធ្វើការ​នៅក្នុង​មន្ទីរពេទ្យ​ដែល​គ្រប់គ្រង​ដោយ​របប​យោធា។

យោងតាម​ក្រុម​សិទ្ធិមនុស្ស​បាន​ឲ្យ​ដឹងថា កន្លែង​ថែទាំ​សុខភាព និង គ្រូពេទ្យ​ជាច្រើន​ត្រូវបាន​ក្រុម​សន្តិសុខ​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា​កំណត់​គោលដៅ។ ប៉ុន្ដែ​យោធា​មី​យ៉ាន់​ម៉ា​បាន​អំពាវនាវ​ដល់​គ្រូពេទ្យ​ទាំងអស់​ចូលមក​ធ្វើការ​ជាធម្មតា​វិញ។ របាយការណ៍​ក្នុងប្រទេស​បានប្រកាសថា គ្រូពេទ្យ​ចំនួន ៤នាក់ គិលានុបដ្ឋាយិកា ៤នាក់ និង ជំនួយការ​គិលានុបដ្ឋាយិកា​ចំនួន ១០នាក់ ដែល​ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​ព្រះវិហារ​ទាំងអស់នោះ និង​ត្រូវបាន​ចោទប្រកាន់​ពីបទ​ញុះញង់​ជុំវិញ​ការបដិសេធ​មិន​ធ្វើការ៕

ចាប់តាំងពី​ការធ្វើ​រដ្ឋប្រហារ​ផ្ដួលរំលំ​រដ្ឋាភិបាល​នៃ​ប្រទេស​មី​យ៉ាន់​ម៉ា ជន​ស៊ីវិល​ជិត ១ពាន់៣រយ​នាក់ ត្រូវបាន​សម្លាប់ និង ជាង ១ម៉ឺន​នាក់ ត្រូវបាន​ចាប់ខ្លួន នេះ​បើ​យោងតាម​សមាគម​ជំនួយ​សម្រាប់​អ្នកទោសនយោបាយ​ក្នុងប្រទេស(AAPP) ដែល​បាន​តាមដាន​ព្រឹត្តិការណ៍​ក្រោយ​រដ្ឋប្រហារ​ពី​យោធា​មី​យ៉ាន់​ម៉ា។ ប៉ុន្ដែ​ទោះជា​យ៉ាងណា​របប​យោធា​មី​យ៉ាន់​ម៉ា បាន​ច្រានចោល​ទ​ន្និ​ន័យ​ពី​សមាគម​ខាងលើ ហើយ​បាន​ចោទប្រកាន់ថា​វា​លម្អៀង៕

ប្រភព៖ CNN

Telegram-Troryorng
Share.