ម៉ូតូស្មាតឃីមួយគ្រឿង ត្រូវបានជនសង្ស័យលួចយកទៅបាត់ បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចផ្ទះជួលក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ.

បន្ទាប់មកម្ចាស់ម៉ូតូទៅប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ តាមស្វែងរក។ ដោយសារម៉ូតូប្រភេទស្មាតឃី ហើយមានភ្ជាប់ប្រព័ន្ធGPS រហូតដល់វេលាម៉ោង៦ព្រឹកថ្ងៃដដែល ជនសង្ស័យបាន     បណ្តើរយកទៅផ្លុងទុកចោលនៅក្លោងទ្វារវត្តភ្នៀត តាមមហាវិថីឈ្នះ ឈ្នះ ភូមិស្រែតេជៈ សង្កាត់សំរោងក្រោម ជនសង្ស័យគេចខ្លួនបាត់ ។

ម៉ូតូដែលជនសង្ស័យលួច ម៉ាក ADV150 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1IW-15576 មានម្ចាស់ឈ្មោះ សុខ វិរៈ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរអ្នកសារព័ត៌មាន ស្នាក់នៅផ្ទះជួលភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិចចក ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា ម៉ូតូរបស់ខ្លួនទើបបង់រំលស់បានរយៈពេលជាង២ខែ ប្រភេទស្មាតឃី និងមានភ្ជាប់ប្រព័ន្ធGPS ។មុនកើតហេតុ ខ្លួនបានវិលត្រឡប់ធ្វើការងារវេនយប់វិញ ម៉ូតូចតទុកដាក់មុខបន្ទប់ជួល។ រវល់តែចូលបន្ទប់ទឹក ចេញមកវិញ ជនសង្ស័យជិះយកទៅបាត់ ទើបផ្អើលឆោឡោ រត់ទៅប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ស្រាវជ្រាវ លុះពិនិត្យមើលតាមសញ្ញាGPS ទើបដឹងទីតាំង តាមស្វែងរក គាប់ជួនសមត្ថកិច្ចប៉ុស្តិ៍សំរោងក្រោមអូសម៉ូតូ យកដល់ប៉ុស្តិ៍ល្មម ។

តាមសមត្ថកិច្ចប៉ុស្តិ៍សំរោងក្រោម បានឲ្យដឹងថា នៅវេលាម៉ោង៦ព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ពលរដ្ឋប្រទះឃើញម៉ូតូមួយគ្រឿងខាងលើ ត្រូវបានជនសង្ស័យ២នាក់ អូសយកទៅឆ្កឹះ ផ្តាច់ប្រព័ន្ធភ្លើង សង្ស័យរាយការណ៍ប្រាប់សមត្ថកិច្ច ចុះទៅទាន់ជនសង្ស័យផ្អើលរត់គេចខ្លួនបាត់អស់។បន្ទាប់មកសមត្ថកិច្ចបានអូសម៉ូតូយកទៅរក្សាទុកនៅប៉ុស្តិ៍តែម្តង ។

ក្រោយពីរកឃើញម៉ូតូវិញ សមត្ថកិច្ចពិនិត្យផ្ទៀងផ្ទាត់ឯកសារឃើញថា ពិតជាត្រឹមត្រូវហើយ បានប្រគល់ជូនម្ចាស់យកទៅប្រើប្រាស់វិញ ៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Share.