ក្រុមវិសាខា

ទីបំផុត​ក្រុម​បាល់ទាត់​វិសាខា ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ពានរង្វាន់​បាល់ទាត់​សម្តេច​តេជោ ហ៊ុន សែន ឆ្នាំ​ទី១៥ ឆ្នាំ​២០២១ និង​ជា​ការ​ឈ្នះ​លើក​ទី២ ក្នុង​ប្រវត្តិសាស្រ្ត​របស់​ខ្លួន ក្រោយ​យក​ឈ្នះ​លើ​ក្រុម​បាល់ទាត់​​ម្ចាស់​ជើង​ឯក​៤សម័យកាល​ព្រះខ័នរាជស្វាយរៀង នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដោយ​​បាល់​ប៉េណាំង​ទី​កាត់​សេចក្ដី​ដោយ​លទ្ធផល ៥ទល់៤ លើ​ទីលាន​កីឡដ្ឋាន Smart RSN Stadium នៅ​ល្ងាច​ថ្ងៃ​ព្រហស្បត្តិ៍ ទី២៥ ខែ​វិច្ឆិកា ឆ្នាំ​២០២១ នេះ។​

ដំបូង​ឡើយ​លទ្ធផល​នៃ​ការ​ប្រកួត​រវាង​ក្រុម​ទាំង​២​គឺ​ស្មើ​គ្នា ២ទល់២ ពោល​គឺ​​កីឡាករ ប្រាក់ មុន្នីឧត្តម បាន​រក​គ្រាប់​បាល់​ឱ្យ​ព្រះខ័នរាជស្វាយរៀង នាំ​មុខ​មុន​នៅ​នាទី​៥៣ ហើយ​នៅ​​នាទី​៧១ ម្ចាស់​ស្បែកជើងមាស​ឆ្នាំ​ចាស់ វុធ តុលា រក​គ្រាប់​បាល់​ឱ្យ​វិសាខា ​តាម​ស្មើ​វិញ។ លទ្ធផល​នេះ​បាន​រក្សា​រហូត​ដល់​​នាទី៩០ពេញ ទើប​លោក​អាជ្ញាកណ្ដាល ឃិន ឧសីហា បាន​ថែម​ម៉ោង​១៥នាទី​ចំនួន២ដង​ដើម្បី​បន្ត​ការ​ប្រកួត។ ចូល​ដល់​នាទី​​៩០+១០ កីឡាករ ជូ ស៊ិនទិ បាន​រក​គ្រាប់​បាល់​​អោយ​ព្រះខ័នរាជស្វាយរៀង បន្ត​​នាំ​មុខ តែ​ត្រូវ​កីឡាករ អ៊ុក សុវណ្ណ រក​បាន​គ្រាប់​បាល់​តាម​ស្មើ​ទៀត​នៅ​នាទី​៩០+១៦។

លទ្ធផល​ស្មើ​គ្នា​នេះ​ត្រូវ​ឱ្យ​ក្រុម​ទាំង​២ ទាល់​បាល់​ប៉េណាំងទី​កាត់​សេចក្ដី​ ម្ខាង​៥បាល់​ម្នាក់​ ហើយ​ជា​លទ្ធផល​ក្រុម​វិសាខា បាន​យក​ឈ្នះ​លើ​ក្រុម​​ព្រះខ័នរាជស្វាយរៀង ដោយ​លទ្ធផល ៥ទល់៤។

អត្ថបទពាក់ព័ន្ធ៖Hun Sen Cup៖ បឹងកេត ជា​ម្ចាស់​មេដាយ​សំរឹទ្ធិ ក្រោយ​ឈ្នះ​ម្ចាស់​ផ្ទះ​ភ្នំពេញក្រោន ២-០

នេះ​ជា​ឆ្នាំ​ទី១៥ ហើយ​ដែល​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន​ បង្កើត​ឡើង​ពោល​គឺ​គិត​ពី​ឆ្នាំ​២០០៧ មក ដោយ​ព្រះខ័នរាជស្វាយរៀង ឈ្នះ​ជើង​ឯក​៤លើក ហើយ​ក្រុម​កងយោធពលខេមរភូមិន្ទ ឈ្នះ​បាន​៣លើក ក្រុម​ភ្នំពេញក្រោន និង​វិសាខា ឈ្នះ​ម្នាក់​២លើក ហើយ​ក្រុម​ណាហ្គាវើល អគ្គស្នងការដ្ឋាននគរបាលជាតិ បឹងកេត និង​ខេមរាកីឡា ឈ្នះ​ម្នាក់១លើក។

ដូច្នេះ​ក្រុម​វិសាខា ជា​ក្រុម​ទី២​តំណាង​ឱ្យ​កម្ពុជា ចេញ​ទៅ​ប្រកួត​ក្នុង​ពានរង្វាន់​បាល់ទាត់​កម្រិត​ទ្វីប​អាស៊ី AFC Cup 2022 ខាង​មុខ ក្នុង​វគ្គ​ជម្រុះ បន្ទាប់​ពី​ក្រុម​ភ្នំពេញក្រោន ម្ចាស់​ជើង​ឯក​ពានរង្វាន់​លីគ​កំពូល​កម្ពុជា មាន​ឈ្មោះ​ទៅ​លេង​នៅ​វគ្គ​ចែក​ពូល​ប្រចាំ​តំបន់​អាស៊ាន៕

Telegram-Troryorng
Share.