កម្លាំងនៃអធិការដ្ឋានខណ្ឌដង្កោបានឃាត់ខ្លួនបុរសម្នាក់ក្រោយពីបានលួងលោមនារីម្នាក់យកទៅរួមភេទបានសម្រេចចំនួនពីរលើករួចបោកយកម៉ូតូ របស់នារី រងគ្រោះជិះគេចខ្លួនបាត់ ស្រមោល ។ការឃាត់ខ្លួនជនសង្ស័យខាងលើនេះធ្វើឡើង កាលពី វេលាម៉ោង ១០ និង ៣០នាទីយប់ថ្ងៃ ទី២៥ ខែវិច្ឆិកាឆ្នាំ ២០២១  នៅតាមបណ្ដោយផ្លូវ ១០៤  នៅសង្កាត់ទៀន ខណ្ឌដង្កោ។

ជនសង្ស័យមាន ឈ្មោះ ខែម រតនា អាយុ៣៥ឆ្នាំ មុខរបរ មិន ពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិព្រៃព្រីង សង្កាត់ចោចៅ ខណ្ឌពោធិ៍សែនជ័យ ។ចំណែកនារីរងគ្រោះអាយុ២២ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅផ្ទះជួល ផ្លូវវេងស្រេង ស្ថិតនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

លោកវរសេនីយ៍ឯក  ជឹម  ស៊ីថា  អធិការនគរបាលខណ្ឌដង្កោបានឲ្យដឹងថា  កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៨និង០០នាទី  នារីរងគ្រោះ បានលេងហ្វេសបុកឈ្មោះ Chan To Love នៅក្នុងផ្ទះជួល  ក៏បានឃើញហ្វេសបុកឈ្មោះ ជាងជួសជុលទូរស័ព្ទគ្រប់ប្រភេទ ដែល ជារបស់ជនសង្ស័យ។បន្ទាប់មកនារីរងគ្រោះក៏បានឆាតទៅសួរជនសង្ស័យដើម្បីរកទិញទូរស័ព្ទបង់រំលោះមួយគ្រឿង   រួចជនសង្ស័យបានឆាតតបមក  នារីរងគ្រោះប្រាប់ថារូបគេ ស្រលាញ់ពេញចិត្តនារីរងគ្រោះខ្លាំងណាស់ ដូចនេះមិនបាច់បង់រំលោះទេ រូបគេនិងឲ្យ ទូរស័ព្ទ មួយគ្រឿងទៅនារីរងគ្រោះយកប្រើ។ លុះថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៩ និង០០នាទី   ជនសង្ស័យបានឆាតសុំណាត់ ជួបនារីរងគ្រោះនៅផ្ទះជួល រួចជនស្ស័យក៏បាន ជិះម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1AR-8526 មកដឹកជនរងគ្រោះពីផ្ទះជួល ទៅដើរលេងនៅខាងក្រោយសណ្ឋាគារសុខា ស្ថិតនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ដើម្បីនិយាយលួងលោមនារីរងគ្រោះថារូបគេ ស្រលាញ់នារីរងគ្រោះយកធ្វើជាប្រពន្ធ ពិតប្រាកដ។

រហូតដល់វេលាម៉ោង២២ និង៣០នាទី ថ្ងៃខែឆ្នាំដដែល ជនសង្ស័យក៏បានដឹកជនរងគ្រោះ មកដេកផ្ទះសំណាក់យីហោឈ្មោះ មេដៃមាស ម្តុំផ្សារស៊ិនជូរីផ្លាស្សា ស្ថិតនៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។  ជនសង្ស័យដេកជាមួយនារីរងគ្រោះដល់ភ្លឺ  និងបានរួមភេទបាន សម្រេចចំនួន២លើកហើយក៏ដឹកនារីរងគ្រោះមកផ្ទះជួលនៅផ្លូវវេងស្រេងស្ថិតនៅភូមិត្រពាំងថ្លឹងខាងលើវិញ។

បន្ទាប់មកដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៨ និង០០នាទី ជនសង្ស័យបាន ទូរស័ព្ទមកលេខនារីរងគ្រោះ ០៨៨៥១៧៣៨១៧ បានឲ្យនារីរងគ្រោះជិះម៉ូតូទៅ យករូបគេ នៅម្តុំខាងកើតស្ពានអាកាសរវង្វង់មូលចោមចៅស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ហើយនារីរងគ្រោះក៏បានជិះម៉ូតូរបស់ខ្លួនម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរី ឆ្នាំ២០២១ ពាក់ស្លាក លេខស្វាយរៀង 1R-1484  ពេលនារីរងគ្រោះទៅដល់ជនសង្ស័យឲ្យ នារី រងគ្រោះអង្គុយពី ខាងក្រោយជនសង្ស័យជាអ្នកឌុបម្តង។

ពេលនោះជនសង្ស័យក៏បានឌុបនារីរងគ្រោះទៅលេងសួនច្បារតាមមាត់ទន្លេស្ថិតនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រហូតដល់វេលាម៉ោង២១ និង៣០នាទី ថ្ងៃខែឆ្នាំដដែល ជនសង្ស័យក៏បានដឹកជនរងគ្រោះត្រឡប់មកវិញ  បានប្រាប់ថានាំនារីរងគ្រោះយកទៅ ជួប ជាមួយនិងឪពុកម្តាយរបស់គេ រួចក៏បានដឹកជនរងគ្រោះដល់ផ្លូវបេតុង៦០ម៉ែត្រ  ទិសដៅពី កើតទៅលិចស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំពង្រ ខណ្ឌដង្កោ ឃើញមានសភាពស្ងាត់ជន សង្ស័យធ្វើ ជាធ្លាក់មួកសុវត្ថិភាពហើយប្រាប់នារីរងគ្រោះអោយចុះទៅរើសពេលនារី រងគ្រោះ ដើរទៅរើសមួកជនសង្ស័យក៏បានបើកម៉ូតូរបស់ជនរងគ្រោះគេចខ្លួនបាត់បាត់ស្រមោល។

ពេលនោះដែរនារីរងគ្រោះក៏បានស្រែកឆោឡោហើយកម្លាំងសមត្ថកិច្ចដែលកំពង់ជិះម៉ូតូ ល្បាតក្បែរកន្លែងកើតនោះក៏បានជួយអន្តរាគមន៍ដេញតាមពីក្រោយនិងស្រែកតាមវិទ្យុ ទាក់ទងឲ្យគោលដៅខាងមុខជួយស្ទាក់ចាប់ជនសង្ស័យបើករត់រហូតដល់ចំណុចសាលាបឋមសិក្សាទៀនស្ថិតនៅសង្កាត់ទៀន ខណ្ឌដង្កោ មានចំងាយពីកន្លែងកើតហេតុប្រវែង ៣០០០ម៉ែត្រទើបឃាត់ខ្លួនជនសង្ស័យបានរួម និងវត្ថុតាង យកមកធ្វើការសាកសួរនៅ អធិការដ្ឋាននគរបាលខណ្ឌដង្កោ។   

ជនសង្ស័យ ត្រូវបាននាំខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញផ្ដន្ទាទោសតាមច្បាប់  ៕

អត្ថបទ៖សេង សាវី

Share.