លោកស្រី ម៉ាក​ដា​លី​ណា អាន​ឌើ​ស​សុន (Magdalena Andersson) ដែលជា​នាយករដ្ឋមន្ត្រី​ស្រី​ដំបូង​គេ​នៅក្នុង​ប្រវត្តិសាស្ត្រ​ស៊ុយអែត បាន​លាលែង​ពី​តំណែង​បន្ទាប់ពី​ទទួល​តំណែង​មិន​ដល់ ១២ម៉ោង​ផង។

ការលាលែង​ពី​តំណែង​នេះ​បានធ្វើ​ឡើង ក្រោយ​ពេលដែល​គណបក្ស​បៃតង បាន​ដកខ្លួន​ចេញពី​សម្ព័ន្ធភាព​ចម្រុះ​ដែលមាន ២គណបក្ស និង បានធ្វើ​ឲ្យ​មាន​ភាពមិនច្បាស់លាស់​ខាង​នយោបាយ។

ក្រោយ​លាលែង​ពី​តំណែង លោកស្រី អាន​ឌើ​ស​សុន បាន​និយាយប្រាប់​សភា​ស៊ុយអែត​ថា លោកស្រី​សង្ឃឹមថានឹង​ត្រូវបានតែងតាំង​ជា​នាយករដ្ឋមន្ត្រី​ជាថ្មី​ម្ដងទៀត​ក្នុងនាម​ជា​ប្រមុខ​រដ្ឋាភិបាល​គណបក្ស​តែមួយ។ គណបក្ស​បៃតង​បាន​លាលែង​ពី​ការចូលរួម​បង្កើត​រដ្ឋាភិបាលចម្រុះ ដោយសារតែ​សភា​បាន​ច្រានចោល​ច្បាប់​ថវិកា​របស់​ក្រុម​សម្ព័ន្ធ​ចម្រុះ។

លោកស្រី​អតីត​នាយករដ្ឋមន្ត្រី​រូបនេះ បាន​និយាយប្រាប់​ស​ន្និសិទ​សារព័ត៌មាន​ថា លោកស្រី​បានស្នើ​សុំ​ឲ្យ​សភាព​ស៊ុយអែត​ដក​តួនាទី​លោកស្រី​ជា​នាយករដ្ឋមន្ត្រី។ លោកស្រី​បាន​ត្រៀន​ខ្លួន​រួចហើយ សម្រាប់​ការធ្វើជា​នាយករដ្ឋមន្ត្រី​ដែលមាន​គណបក្ស​តែមួយ គឺ​រដ្ឋាភិបាល​គណបក្ស​សង្គម​ប្រជាធិបតេយ្យ។

គណបក្ស​បៃតង​បាន​និយាយថា ខ្លួន​នឹង​គាំទ្រ​លោកស្រី​ក្នុងការ​បោះឆ្នោត​សម្រេច​ជាថ្មី​ណាមួយ​នៅ​សភា ហើយ​គណបក្ស​កណ្ដាល​និយម​សន្យាថា​នឹង​បដិសេធ ដែល​ក្នុងការ​អនុវត្ត​ជាក់ស្ដែង​ស្មើនឹង​ការគាំទ្រ​បេក្ខភាព​លោកស្រី​ជា​នាយករដ្ឋមន្ត្រី ខណៈ​គណបក្ស​ឆ្វេងនិយម​ក៏​និយាយថា ពួកគេ​ក៏​គាំទ្រ​លោកស្រី​ជាថ្មី​ដែរ។
នៅ​ថ្ងៃ​បោះឆ្នោត​មាន​អ្នកនយោបាយ​ចំនួន ១១៧នាក់ បាន​បោះឆ្នោត​គាំទ្រ​លោកស្រី អាន​ឌើ​ស​សុន រីឯ​អ្នកនយោបាយ​ចំនួន ១៧៤នាក់​ទៀត​ច្រានចោល​ការតែងតាំង​លោកស្រី ខណៈដែល ៥៧នាក់​ទៀត បាន​អនុប្បវាទ និង អ្នកនយោបាយ​ម្នាក់​អវត្តមាន។

សូមជម្រាបថា នៅក្រោម​រដ្ឋធម្មនុញ្ញ​ស៊ុយអែត នាយករដ្ឋមន្ត្រីនីមួយៗអាច​ត្រូវបាន​ដាក់ឈ្មោះ និង គ្រប់គ្រង​បាន​ដរាបណា​សមាជិកសភា ១៧៥នាក់ មិន​ប្រឆាំងនឹង​ការតែងតាំង។ ប៉ុន្ដែ​ទោះជា​យ៉ាងណា​ការបោះឆ្នោត​ជា​សាកល​បន្ទាប់​របស់​ស៊ុយអែត គ្រោង​ធ្វើ​នៅ​ថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០២២៕

ប្រភព៖ Aljazeera

Telegram-Troryorng
Share.