ឆ្នាំ២០២១នេះ មហោស្រព​រូបថត​ភ្នំពេញ បាន​ត្រឡប់​វិល​មកវិញ ចាប់ផ្ដើម​ពីថ្ងៃ​ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ដល់ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២។ ដោយសារ​ប្រឈម​ចំពោះ​ស្ថានភាព​កូ​វីដ១៩ បើ​គិតពី​ផល​លំបាក មហោស្រព​រូបថត​ភ្នំពេញ បាន​ជួប​ផល​លំបាក​ចាប់តាំងពី​ថ្ងៃទី១នៃ​ការបង្កើត​មហោស្រព​មក​ម្លេះ។ តែ​មហោស្រព​នេះ បាន​ក្លាយជា​បេះដូង​ដ៏​សំខាន់​ក្នុងការ​ចែករំលែក និង​ផ្លាស់ប្ដូរ​រវាង​វប្បធម៌​អឺរ៉ុប និង​អាស៊ី ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់ ឱ្យ​កាន់តែ​ឆ្ពោះទៅមុខ​ដោយ​ការចែករំលែក​បទពិសោធ​ន៍​គំនិត​នៃ​រូបថត។

នៅ​ថ្ងៃ​បើក​ពិធី​ទាំងមូល លោក សុវណ្ណ ភី​ឡុង ដែលមាន​តួនាទី​ជា​អនុប្រធាន​សមាគម​ន៍រូ​ប​ថត​ភ្នំពេញ បានផ្ដល់​បទសម្ភាសន៍​ជូន​អ្នកសារព័ត៌មាន​ត្រយង​ថា «ជា​រៀងរាល់ថ្ងៃ​គឺ​មហោស្រព​រូបថត​ភ្នំពេញ តែងតែ​ពាំនាំ​នូវ​ស្នាដៃ​ថ្មី និង​គំនិត​ទស្សនៈ​ថ្មី យកមក​តាំង​បង្ហាញ​ឱ្យ​មហាជន​អ្នក​ស្រឡាញ់​ការថតរូប​បាន​ទស្សនា ដើម្បីឱ្យ​បានដឹងថា តើ​វិស័យ​ថតរូប​នៅក្នុង​ប្រទេស​កម្ពុជា បាន​រីកចម្រើន​ដល់​កម្រិតណា។ នេះ​ក៏​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​ជំនួបរវាង​សិល្បករ​អន្ដរជាតិ​មកពីទ្វីប​អឺរ៉ុបបាន​ចែករំលែកផ្ដល់​បទពិសោធន៍​ជាមួយ​សិល្បករ​ខ្មែរ។ កាលពី​ឆ្នាំមុន គឺ​មហោស្រព​អាច​ប្រារព្ធ​ធ្វើឡើង​បាន​ធម្មតា តែ​ដោយឡែក​ឆ្នាំនេះ គឺ​យើង​បាន​ពន្យា​ពេល​ដល់​ទៅ ១ ខែ ក្រោយ​ប្រឈម​ជាមួយ​ស្ថានភាព​កូ​វីដ១៩»។

លោក សុវណ្ណ ភី​ឡុង

អនុប្រធាន​សមាគមន៍​រូបថត​ភ្នំពេញ និង​ជា​អ្នករៀបចំ​រូបថត​ភ្នំពេញ​នេះ បានបញ្ជាក់​ទៀតថា «មហោស្រព​រូបថត​ភ្នំពេញ ២០២១ បាន​វិល​មកវិញ​ដោយ​យ​គោរព​តាម​គោលការណ៍​របស់​ក្រសួងសុខាភិបាល។ ដោយឡែក​ឆ្នាំនេះ គឺ​យើង​មិនបាន​អាចធ្វើ​ធំ​ដូច​កាលពីឆ្នាំមុនៗបានទេ គឺ​យើង​មាន​តាំង​បង្ហាញ​ក្នុង​វិចិត្រសាល​នៃ​វិទ្យាស្ថាន​បារាំង នៅ​ម​ជ្ឍ​ម​ណ្ឌុ​ល​បុប្ផា​ណា និង​នៅលើ​ជញ្ជាំង​របស់​ស្ថានទូត​បារាំង។ ៣ទីតាំង​សំខាន់​នេះ គឺ​យើង​មាន​រហូតដល់​ទៅ ៤ពិព័រណ៍ ដែល​យើង​បានដាក់​តាំង​បង្ហាញ នៅក្នុង​នោះ​មាន សិល្បករ​ខ្មែរ​ចំនួន ២រូប ត្រូវបាន​ជ្រើសរើស​ស្នាដៃ»។

សូម​ជម្រាបជូន​ថា ស្នាដៃ​ទាំងអស់​ដែល​ដាក់តាំង​ក្នុងឆ្នាំនេះ​ជាការ​បង្ហាញ​នូវ​ការយល់ដឹង​យ៉ាងពិត​ប្រាកដ​ដ៏​អស្ចារ្យ​នៃ​ការថតរូប ដោយសារ​តែមាន ការចូលរួម​ពី​យុវជន និង​អ្នកស្ម័គ្រចិត្ត​ជាច្រើន។ ការថតរូប​មិន​ត្រឹម​មានតែ​គំនិត​បង្ហាញ​ពី​ការពិត ឬ​ជា​ភ័ស្តុតាង​តែមួយ​ទេ ប៉ុន្តែ​ជា វិធី​នៃ​ការ​សួរ​សំណួរ​យ៉ាង​ជ្រាលជ្រៅ​អំពី​ពេលវេលា អត្តសញ្ញាណ ការចងចាំ ដែលមាន​តិចតួច​ប៉ុណ្ណោះ។ វិធី​នៃ​ការ​សួរ​សំណួរ​មិនមែន​ដើម្បី​ស្វែងរក​ចម្លើយ​ទេ ប៉ុន្តែ​ដើម្បី​ដាស់តឿន​ឱ្យ​យើងម្នាក់ៗមានការ​គិត​ឱ្យ​ស៊ីជម្រៅ ធ្វើ​វា​ឱ្យ​ល្អ​បំផុត និង​ឆ្ពោះទៅរក​ពិភពលោក។

ជា​ចុងក្រោយ ការតាំងពិព័រណ៍​នេះ​មិនអាច​កើតមានឡើង​បានទេ​បើ​គ្មាន​វត្តមាន​របស់​សិល្បក​រ។ ក្នុង​គ្រា​ដ៏​លំបាក​ទាំងនេះ សិល្បករ​ជា​អ្នកបង្កើត​នូវ​ក្តីសង្ឃឹម មិនមែនជា​ដំណោះស្រាយ ប៉ុន្តែ​វា​ជា​អណ្តាតភ្លើង​តូច​មួយ​ដ៏​អស្ចារ្យ និង​ត្រូវការ​ជា​ចាំបាច់​ឱ្យ​យើង​ជួយ​ចែករំលែក។ សូម​អញ្ជើញ​ទៅ​ចូលរួម​មហោស្រព​រូបថត​ភ្នំពេញ ២០២១ ទាំងអស់គ្នា៕

Share.