បុរសដែលបានធ្វើសកម្មភាពជេរប្រមាថមើលងាយ និង ដេញវាយប៉ូលីសកំពុងអនុវត្តច្បាប់ ចរាចរណ៍ផ្លូវ គោក​ នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ​ ត្រូវបានសមត្ថកិច្ច នៃ ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ កសាងសំណុំរឿង និងបញ្ជូន ទៅតុលាកា​រ​ហើយ កាលពីម៉ោង៤រសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១។

 នេះបើយោងតាមក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃ ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ​។

នៅវេលាម៉ោងជាង១រសៀល ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ជនសង្ស័យ ត្រូវបាន កម្លាំង នគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវចាប់ខ្លួនបានហើយ នៅស្ដុបផ្សារដើមគរ ក្នុងខណ្ឌ ទួលគោក ។

ការចាប់ខ្លួនបុរសខាងលើ គឺធ្វើឡើង ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ។

១ថ្ងៃមុនពេលចាប់ខ្លួន បុរសម្នាក់នេះ បានជិះម៉ូតូអត់កញ្ចក់បញ្ច្រាស ទិសចរាចរណ៍ បុកគេឯង ហើយ បញ្ចេញកាយវិការក្រអឺតក្រទម រកហក់វាយ ចង្អុល ប្រើសម្តីគ្មាន សីលធម៌ទៅលើ សមត្ថកិច្ចចរាចរណ៍ជាច្រើនរូប ថែមទាំងនិយាយថាឲ្យសមត្ថកិច្ចប្រយ័ត្ន ធ្លាក់ស័ក្តិចេញ ពីស្មាថែមទៀត។ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១ និង៥០នាទី រសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧កែង និងផ្លូវ២៧១ ក្រោមស្ពានអាកាសស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចចរាចរណ៍ ដែលឈរជើងនៅចំណុចកើតហេតុ បានបញ្ជាក់ប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ កម្លាំងការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានចុះអនុវត្តន៍ច្បាប់ចរាចរណ៍ជើងគោក នៅចំណុចគោលដៅ ក្រោមស្ពានអាកាសស្ទឹងមានជ័យ តាមការណែនាំរបស់លោកស្នងការនគរបាល រាជធានី ភ្នំពេញ ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកស្មាស់រីវ៉ូ ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ1BG- 5792 ជិះដោយបុរសម្នាក់ដែលពាក់អាវស ខាងលើ គ្មានកញ្ចក់ ពីកើតទៅលិច បម្រុងបត់ឆ្វេង តែឃើញសមត្ថកិច្ច បែរជាបត់ត្រឡប់ក្រោយជិះបញ្រ្ចាសទិសចរាចរណ៍បុក គេឯងថែមទៀត ទើបសមត្ថកិច្ចឃាត់បាន ៕

អត្ថបទ៖ភ្នាក់ងាររាជធានី

Share.