អ្នកគាំទ្រ​តារា​ប្រុស​រូប​សង្ហា Kim Soo Hyun ពិតជា​ក្ដៅ​សាច់​ឡើង​សាច់ដុំ​ភ្នែក​ជាក់​ជាមិនខាន ខណៈ​រឿង​ថ្មី​របស់លោក​មាន​ចំណងជើង​ថា «One Ordinary Day» ទើបតែ​បាន​បញ្ចាំង​ត្រឹម​ភាគ​ទី ១ នៅក្នុង VIU ដែលជា​កម្មវិធី​កម្សាន្ដ​សម្រាប់​ទស្សនា​រឿង​ភាគ​កូរ៉េ​ល្បី​ដ៏​សម្បូរបែប។ មិន​ត្រឹម​តែមាន​ប្លង់​បង្ហាញ​សាច់​កាយស្ដែងៗនោះទេ តារា​ប្រុស​រូបនេះ ត្រូវបាន​អ្នកលេង​បណ្ដាញ​សង្គម Twitter ទម្លាយ​រូបភាព​អាក្រាតកាយ ដែលជា​ការលះបង់​ក្នុងការ​សម្ដែង​ក្នុង​រឿងនេះ​ថែមទៀត​ផង។

តារា​ប្រុស Kim Soo Hyun ហាក់ដូច​មិន​ចម្លែក​អ្វី​ឡើយ​នៅពេលដែល​លះបង់​សុខចិត្ត​អាក្រាតកាយ​ក្នុង​សម្ដែង​រឿង ព្រោះថា កន្លងមក​មាន​ភាពយ​ន្ដ​ចំនួន២ធំ​មកហើយ​ដែល​លោក​បាន​សម្ដែង​ប្លង់​ក្ដៅ​សាច់​បែបនេះ ដូចជា​រឿង Real និង​រឿង Why brought me to you ។ ក្រៅពី​បង្ហាញ​ឈុត​ក្ដៅ​សាច់​ហើយ​នោះ តារា​ប្រុស​រូបនេះ​ក៏បាន​បញ្ចេញ​អត្ដ​ចរិត​ថ្មី​ក្នុងការ​សម្ដែង​ជា​តួ​ឧក្រិដ្ឋជន ដែល​មានការ​វាយតប់​គ្នា​យ៉ាង​សាហាវ​នៅក្នុង​គុក។

សូម​ជម្រាប​ផងដែរ​ថា រឿង «One Ordinary Day» តារា​ប្រុស Kim Soo Hyun សម្ដែង​ជា​និស្សិត​មហាវិទ្យាល័យ​ដែល​រស់នៅក្នុង​ជីវិត​ធម្មតា។ ប៉ុន្តែ​នៅ​យប់​មួយ លោក​បាន​ក្លាយជា​ជនសង្ស័យ​ជា​ឃាតក។ ហើយ​ជីវិត​បាន​ធ្លាក់​ទៅក្នុង​សភាព​ដុនដាប​បំផុត​មិន​ធ្លាប់មាន​ពីមុន នោះ​នាំឱ្យ​លោក​ជួប​តួ​ប្រុស Shin Joong Han (សម្តែង​ដោយ​លោក Cha Seung Won) ដែលជា​មេធាវី​ចុងចោទ មាន​ប្រវត្តិ​ប្រឡង​ជា​មេធាវី​ធ្លាក់​ច្រើនសារ។ ប៉ុន្តែ​យ៉ាងណាក៏ដោយ មេធាវី​រូបនេះ គឺជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​បាន​ជួយ Kim Soo Hyun ឱ្យ​រួច​ផុតពី​ករណីនេះ។ ហើយ​ក្នុងនាម​ជា​មេធាវី​ក្នុង​រឿងនេះ លោក​បាន​រកឃើញថា យុត្តិធម៌​នៅក្នុង​សង្គម​កូរ៉េ​ប្រហែលជា​មិនមាន​ទេ៕

ទស្សនា​វីដេអូ​ខាងក្រោម​នេះ៖

Share.