នៅ​យប់​ថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ២០២១នេះ តារាចម្រៀង​ស្រី ទេព បូ​ព្រឹក្ស និង​ក្រុមការងារ Ditway បាន​សម្ពោធ និង​បញ្ចេញ MV «វីរនារី» ជា​ផ្លូវការ​ហើយ។ មហាជន​គ្រប់រូប​បាន​ទស្សនា និង​ស្ញើ​ច​សរសើរ​ពី​សមិទ្ធផល​ដែល​បាន​ពី​ការខិតខំ​ប្រឹងប្រែង​ផល MV មួយ​នេះ​មិន​ដាច់​ពី​មាត់។ ខណៈ​មាន​អ្នកខ្លះ​ក្រោយ​ទស្សនា​ចប់​ភ្លាមនោះ MVមួយ​នេះ​បានធ្វើឱ្យ​ក្ដុកក្ដួល ចាក់​ដោត​អារម្មណ៍ ទប់ទឹក​ភ្នែក​មិនជា​ប់​ផងដែរ។

ងាក​មក​មើល​បរិវេណ​រោងភាពយន្ដ Major Cineplex AEon I ឯណេះ​វិញ គេ​បានឃើញ​តារា​សិល្បៈ​ជាច្រើន​ដួង​មែនទែន កាន់​បាច់ផ្កា រួមជាមួយ​ហ្វេ​សសិន​ម៉ូដ​សម្លៀកបំពាក់ស្អាតៗ ធ្វើដំណើរ​មក​ចូលរួម​សម្ដែង​ការគាំទ្រ និង​សាទរ​ចំពោះ​ភាពជោគជ័យ​នៃ MV «វីរនារី» ក៏ដូចជា​ផ្ដល់​កម្លាំងចិត្ត​ដល់ក​ញ្ញា ទេព បូ​ព្រឹក្ស។ ព្រិ​ត្តិ​ការណ៍​ដ៏​អស្ចារ្យ​នា​ចុងខែ វិច្ឆិកា នេះ បានធ្វើឱ្យ​អ្នកគាំទ្រ និង​ស្រឡាញ់​លើកស្ទួយ​វិស័យ​សិល្បៈ​ខ្មែរ ចងចាំ​មិន​ភ្លេច ហើយ​ក៏មាន​មោទនភាព​យ៉ាងខ្លាំង ដែល​បាន​ឃើញថា កូន​ខ្មែរ​ក៏មាន​សមត្ថភាព​ផលិត​វីដេអូ​ចម្រៀង​ដ៏​អ​ច្ចា​រ្យ និង​បង្ហាញ​ពី​អត្តសញ្ញាណ​ជា​ខ្មែរ មិន​ចាញ់​បរទេស។

ផ្ដល់​បទសម្ភាសន៍​ជូន​អ្នកសារព័ត៌មាន​ត្រយង លោក G-Devith តំណាងឱ្យ​កញ្ញា ទេព បូ​ព្រឹក្ស និង​ក្រុមការងារ Ditwayទាំងមូល បាន​អះអាងថា លោក​ពិត​ជាមាន​ក្ដីសប្បាយ​រីករាយ​ខ្លាំង​បំផុត ដែល​បានឃើញ​អ្នកគាំទ្រ​ពុះ​ក​ញ្ច្រោ​ល​ចំពោះ​ស្នាដៃ​មួយ​នេះ។ ការខិតខំ​ប្រឹង​របស់​លោក និង​ក្រុមការងារ ពិតជា​ទទួល​បានការ​លើកទឹកចិត្ត និង​គុណ​តម្លៃ។ លោក​ថា នេះ​ជា​ស្នាដៃ​ដំបូង​ហើយ ដែល​ហ៊ាន​ចំណាយ​ទុន​ធំ​ក្នុង​ការផលិត។

ចុះ​មាន​មូលហេតុ​អ្វីដែល​ជំរុញ​ឱ្យ​លោក មាន​ការលក់​រថយន្ដ ដើម្បី​ទុន​មក​ផលិត? តើ​ធ្លាប់​រំពឹងទុក​ថា ទទួលផល​តបស្នង​ស្នើ​នឹង​ការចំណាយ​ដែរឬទេ?

លោក G-Devith  ប្រាប់​អ្នកសារព័ត៌មាន​ត្រយង​ថា « ដំបូង​ឡើយ​គឺ យើង​ចង់​ធ្វើ ក៏ប៉ុន្ដែ​ដោយសារ​ចំណាយ​ទុន​តិច រូបភាព​ក៏​ចេញ​មើល​តិច គ្មានអ្វី​គួរឱ្យ​ចង់​មើល។ តែបើ​ចង់​ធ្វើឱ្យមាន​រូបភាព​កាន់តែច្រើន គឺ​ត្រូវ​ចំណាយ​ទុន​ច្រើន​ក្នុង​ការផលិត។ មូលហេតុ​នេះហើយ ទើប​យើង​សម្រេចចិត្តថា លក់​ឡាន​តែ​ដើម្បី​យកមក​ធ្វើ​តែម្ដង។ MV នេះ​ចំណាយ​អស់ ៦០០លាន​រៀន តែ​មិន​គិត​បញ្ចូល​ថ្លៃ​ការហូបចុក និង​ធ្វើដំណើរ​ទេ »។ លោក  G-Devith  បាន​អះអាង​ទៀតថា «យើង​ឃើញ​ហើយ​ថា ចំពោះ​សិល្បៈ​នាពេលនេះ គឺ​យើង​មិនអាច​រកលុយ​បានមក​វិញ​ទេ លុះត្រាតែ​យើង​បានចេញ​ច្រៀង Concert ឬ​ថត​ស្ព​ត​ពាណិជ្ជកម្ម ទើប​យើង​បាន​លុយ​មកវិញ។ ការងារ​ផលិត MV «វីរនារី» កើតចេញពី​ឆន្ទៈ និង​ចេញពី​បេះដូង ដោយ​មិន​គិតពី​ផលិត​ប្រយោជន៍​បានមក​វិញ»។ ចុងក្រោយ​លោក G-Devith បានបញ្ជាក់​បន្ថែមទៀត​ថា ការផលិត MV «វីរនារី» គឺ​គ្មាន​ការរំពឹងទុក​ថា នឹងមាន​ការគាំទ្រ​ខ្លាំង​ដល់​ថ្នាក់​នេះ​ទេ គឺ​លោក​គិតថា ស្នាដៃ​មួយ​នេះ គឺ​ទុកឱ្យ​មហាជន​អ្នកគាំទ្រ​ទាំងអស់​ជា​អ្នក​ដាក់ពិន្ទុ គឺជា​រឿង​សំខាន់។

យ៉ាងណាមិញ ក្រ​ឡែក​មក​មើល​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​យូ​ធូប គេ​ក៏​បានឃើញ​ការ​សារ​បង្ហោះ​ចេញពី​ចិត្ត​អ្នកគាំទ្រ ចូលរួម​សាទរ និង​ត្រេកអរ​មិន​ដាច់​ពី​មាត់​ឡើយ។ នេះ​សបញ្ជាក់​ឱ្យឃើញថា នៅពេលដែល​តារាចម្រៀង សិល្បករ មានឈ្មោះ​បោះ​សំឡេង​ខ្លាំង​ក្នុង​វិស័យ​សិល្បៈ បាន​ប្រឹងប្រែង​លើកស្ទួយ ជំរុញ​សិល្បៈ​បុរាណ​ខ្មែរ​ឱ្យ​ឈាន​ទៅមុខ​កាន់តែខ្លាំង​ឡើង​ថែមទៀត នោះ​ក៏​ស្ដែងចេញ​មកវិញ​នូវ​មោទនភាព និង​គុណ​តម្លៃ​ដែល​មិនអាច​កាត់ថ្លៃ​បាន​ផងដែរ។

តោះ​មក​ទស្សនា MV «វីរនារី» តាមរយៈ​ឆា​ណែ​ល​យូ​ធូប Ditway ៖

Share.