បាត់ដំបង ៖ លោកគ្រូបង្រៀនម្នាក់ បន្ទាប់ពីដុតធូបការពារមូស ហើយសម្រាន្តលង់លក់បាត់ទៅ បែជាជួបគ្រោះអកុសល ដោយសារធូបដួលរលំទៅលើកំរាលក្រណាត់ ទើបបង្កទៅជាមុខភ្លើងឆេះរាលដល់សម្ភារៈ ក្នុងបន្ទប់ បង្កឲ្យផ្អើលឆោឡោ សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចេញទៅជួយអន្តរាគមន៍ភ្លាមៗ កាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រចូលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅចំណុចក្រុមទី៤១  ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ កើត មនោរក្ស ភេទ​ប្រុស អាយុ៥​០ឆ្នាំ មុខរបរជា​គ្រូបង្រៀន រស់នៅផ្ទះកើតហេតុ ។ ចំណែកបន្ទប់ទទួលរងអគ្គិភ័យឆាបឆេះ ជាបន្ទប់សម្រាកមើលសៀវភៅ រងខូចខាតអស់សម្ភារៈ សៀវភៅ និងរបស់របរប្រើប្រាស់មួយចំនួន ។

សមត្ថកិច្ចបន្តទៀតថា ក្រោយពីសាកសួរនិងស្រាវជ្រាវ មូលហេតុដែលផ្តើមឲ្យកើតមានអគ្គិភ័យខាងលើ មកពីម្ចាស់ផ្ទះដុតធូបមូសទុកចោលហើយ ដេកលង់លក់បាត់ គាប់ជួនធូបនោះដួលរលំទៅលើកម្រាលក្រណាត់ ទើបក្លាយជាមុខភ្លើងឆេះរាលក្នុងបន្ទប់តែម្តង ត្រូវបានកម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿងចេញទៅជួយបាញ់ទឹកពន្លត់ភ្លើង ដោយប្រើប្រាស់ទឹកអស់២សុីទែន ភ្លើងរលត់ទៅវិញ មិនបង្កឲ្យអ្នកណារងរបួស ពោលគ្រាន់តែខូចខាតសម្ភារៈមួយបន្ទប់តែប៉ុណ្ណោះ ៕

Share.