ក្រុមក្មេងទំនើង២ក្រុមផ្ទុះជម្លោះ ដោយធ្វើសកម្មភាពគប់គ្នា ទៅវិញទៅមក កាល​ពីយប់ថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០២១វេលាម៉ោង ២០និង០៥នាទីនៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែងស្ថិតនៅក្នុងក្រុមទី៤១ភូមិព្រែកមហាទេព ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ករណីហិង្សាខាងលើ បង្កដោយក្រុមក្មេងអាណាធិបតេយ្យចំនួន ០២ក្រុមដែលមានគ្នាប្រមាណពី១០នាក់ទៅ១៥នាក់ ជិះម៉ូតូនិងប្រដាប់ដោយដុំថ្ម និងមួកសុវត្ថិភាពផង បានធ្វើសកម្មភាព (គប់គ្នា) ទៅវិញទៅមក ជាហេតុនាំបង្កឱ្យមានការ ភ្ញាក់ផ្អើ​ល​ដល់មហាជន ដែលស្ថិតនៅទីនោះ រួមទាំងអ្នកធ្វើដំ​ណើរតាមដងផ្លូវផង ។

ក្នុងសកម្មភាពនេះ មិនបានបង្កឱ្យមានគ្រោះថ្នាក់​ដល់មនុស្ស ឬខូចខាតដល់ទ្រព្យសម្បត្តិអ្វីទេ ហើយនៅពេល ដែលពួកគេធ្វើសកម្មភាពក្នុងរយៈពេលខ្លីរួចមកក្រុមក្មេងទាំងពីរក្រុមបានជិះម៉ូតូគេចខ្លួនចេញពីទីកន្លែងនោះបាត់ទៅ ដែលក្រោយនោះបន្តិចទើបសមត្ថកិច្ចនគរបាលបាន​ចុះទៅដល់កន្លែងកើតហេតុ ធ្វើការសាកសួរព័ត៌មានទាក់ទងនឹងករណីហិង្សានេះ។ 

នៅក្រោយពេលកើត​ហេតុ ឃើញរូបភាពជាឃ្លីប​វីដេអូ នៃសកម្មភាពហិង្សានេះត្រូវបានផ្សព្វ​ផ្សាយ និងចែករំលែកតៗគ្នានៅក្នុងបណ្តាញទំនាក់ទំនងសង្គម។

ក្រោមបទបញ្ជាផ្ទាល់របស់ លោកឧត្តមសេនីយ៍​ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅពេលនេះ ផែនជំនា​ញការងារនគរបាលព្រហ្មទ័ណ្ឌនៃស្នងការដ្ឋាន រួមជាមួយសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលក្រុង​បាត់ដំបង បានធ្វើការស្រាវជ្រាវស៊ើបអង្កេត និងកំណត់បានអំពីអត្តសញ្ញាណមុខសញ្ញាក្រុមក្មេងបង្កអាណាធិបតេយ្យនេះ បានមួយចំនួនហើយ ដែលសមត្ថកិច្ចកំពុងបន្តធ្វើការស្រាវជ្រាវ​បន្ថែម និងមានវិធានការជាក់ស្តែងចំពោះ អ្នកបង្កសកម្មភាពអាណាធិបតេយ្យបែបនេះ៕

Share.