បុរសម្នាក់បានបើកម៉ូតូបុកសួនច្បារពុះចែកទ្រូងផ្លូវបណ្ដាលអោយបោកនឹងថ្នល់ខ្ទាតជាង១០ម៉ែត្របាត់បង់អាយុជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ។

ប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ឲ្យដឹងថា ដំបូងឡើយគេឃើញម៉ូតូមួយគ្រឿង ម៉ាកហុងដាឃ្លិកពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ1FM-8149ជិះគ្នាពីរនាក់ក្នុងទិសដៅ ពីជើងទៅត្បូងតាមបណ្ដោយផ្លូវទួលពង្រ លុះមកដល់ក្បែរបុរីឡុងនីបុរសជាអ្នកបើកបរ ខាងមុខបានឱនយកទូរសព្ទក៏រេចង្កូតទៅបុកសួនច្បារពុះចែកទ្រូងផ្លូវបណ្ដាលឱ្យដួល  ប្រហែល 10 ម៉ែត្រ ធ្វើឲ្យអ្នកបើកបរជាបុរសខាងមុខបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗនៅនឹង កន្លែងកើតហេតុ។ចំណែកនារីជិះខាងក្រោយមិនមានរងរបួសនោះទេ។

ជនរងគ្រោះដែលបាត់បង់អាយុជីវិតក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះមានឈ្មោះ សុខ បញ្ញា អាយុ 24 ឆ្នាំ មានស្រុកកំណើតនៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ សព្វថ្ងៃស្នាក់នៅនិង ធ្វើការជាអ្នកលក់អនឡាញនៅម្ដុំចំការដូង។

ករណីគ្រោះថ្នាក់ចរាចរណ៍ នេះកើតឡើងនៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី 29 ខែវិច្ឆិកាឆ្នាំ 2021 តាមបណ្ដោយផ្លូវទួលពង្រ ក្នុងសង្កាត់ចោមចៅទី 1 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ធ្វើកំណត់ហេតុ រួច ប្រគល់សពជនរងគ្រោះទៅកាន់ក្រុមគ្រួសារដើម្បីដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯ ស្រុកកំណើត៕

អត្ថបទ៖ភ្នាក់ងាររាជធានី

Share.