កំពង់ធំ៖ នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ មានបេក្ខជនបេក្ខនារី ចំនួន ៤១១រូប ចូលរួមប្រឡងប្រជែងបម្រើការងារក្នុងក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិលក្រសួងមហាផ្ទៃ នៅខេត្តកំពង់ធំ ។

ពិធីនេះក៏មានការអញ្ជើញចូលរួមជាកិត្តិយសបើកវិញ្ញាសារក្រោមអធិបតីភាពឯកឧត្តម ញឹក បានខេង អភិបាលរងខេត្ត និងលោកជំទាវ លំ គន្ធារី អភិបាលរងខេត្ត តំណាងឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងថ្នាក់ដឹកនាំជាច្រើនរូបផ្សេងទៀត នៅវិទ្យាល័យកំពង់ធំ ។

ឯកឧត្តម ញឹក បានខេង និងលោកជំទាវលំ គន្ធារី បានស្នើឲ្យបេក្ខជន បេក្ខនារី ប្រឡងនាពេលនេះត្រូវប្រើប្រាស់សមត្ថភាពផ្ទាល់ខ្លួនយ៉ាងពិតប្រា កដ ក្នុងការទប់ស្កាត់អំពើពុករលួយផ្សេងៗ ដែលនាំឲ្យខាតប្រយោជន៍ខ្លួននាពេលខាងមុខ ។

ឯកឧត្តមអភិបាលរងបន្ថែមទៀតថា ដើម្បីធានានូវសុវត្ថិភាព និងទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងកិច្ចដំណើរការប្រឡងគណៈ កម្មការរៀបចំការប្រឡង អនុគណៈកម្មការនានា និងបេក្ខជនត្រូវពាក់ប័ណ្ណចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ឱ្យបានគ្រប់ៗគ្នា បើមានបេក្ខជនណា ដែលមិនមានប័ណ្ណចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ មិនអនុញ្ញាតឱ្យចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងឡើយ។

គួរបញ្ជាក់ថា ការប្រឡងជ្រើសរើសមន្ត្រីរាជការខេត្តកំពង់ធំ ប្រចាំឆ្នាំ២០២១ នាពេលនេះមានបេក្ខជនដាក់ពាក្យប្រឡង សម្រាប់ក្របខ័ណ្ឌមន្រ្តីរដ្ឋបាលជាន់ខ្ពស់ (ប្រភេទក្របខ័ណ្ឌ ក ) ចំនួន ៤៩នាក់ មន្រីក្រមការ (ប្រភេទក្របខ័ណ្ឌ ខ ) ចំនួន ១១០នាក់ លេខាធិការរដ្ឋបាល (ប្រភេទក្របខ័ណ្ឌ គ ) ចំនួន ២៥២នាក់៕

Share.