បន្ទាយមានជ័យ៖ ឯកឧត្តម សុះ មុះសិន សមាជិកគណៈកម្មការទី៨ នៃរដ្ឋសភា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសមា គមនិស្សិតមុស្លិមកម្ពុជានៅថ្ងៃទី២៨​ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងផ្តល់អំណោយដល់គ្រួសារដែលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ និងងាយរងគ្រោះ ចំនួន ២១៤គ្រួសារ នៅស្រុក/ក្រុងចំនួនបី ក្នុងខេត្តបន្ទាយមានជ័យ។​

ក្នុងពិធីនេះអញ្ជើញចូលរួម ពីលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ យុវជនស.ស.យ.ក សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥ ៧) សមាជិកសមាជិកា នៃក្រុមការងារសមាគមនិស្សិតមុស្លិមកម្ពុជាខេត្ត ព្រមជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋផងដែរ។ អំណោយនេះ ត្រូវបានចែកជូនគ្រួសារដែលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ និងងាយរងគ្រោះនៅស្រុកមង្គលបូរីចំនួន៦០គ្រួសារ ក្រុងសិរីសោភ័ណចំនួន ១០៥ គ្រួសារ និងក្រុងប៉ោយប៉ែតចំនួន៤៩គ្រួសារ។

ឯកឧត្តម សុះ មុះសិន បានមានប្រសាសន៍កោតសរសើរចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅខេត្តបន្ទាយមានជ័យ ដែលយកចិត្តទុកខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋបងប្អូនខ្មែរអ៊ីស្លាម ដែលជួបការលំបាកនាពេលកន្លងមក ដែលអាជ្ញាធរតែងតែជួយដោះស្រាយ មិនថាពល រដ្ឋរងគ្រោះថ្នាក់ធម្មជាតិ ដូចខ្យល់កន្ត្រាក់ ទឹកជំនន់ ជាពិសេសទប់ស្កាត់ប្រឆាំងនិងជំងឺកូវីដ-១៩៕

អត្ថបទ៖ ប៉ោយប៉ែត

Share.