បុរសម្នាក់រត់ទៅប្តឹងប៉ុស្តិ៍នគរបាលទាំងព្រឹក បន្ទាប់ពីលង់លក់ក្នុងដំណេកជ្រុល លុះដឹងខ្លួនភ្ញាក់ចេញមក បាត់ម៉ូតូកង់បី ពីមុខបន្ទប់ជួល កាលពីវេលាម៉ោង៥ព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ នៅបន្ទប់ជួលលេខ៣២ ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ គួង ចេវ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរ រត់ម៉ូតូកង់បី មានប្រពន្ធជាកម្មការិនីរោងចក្រ មានកូន៣នាក់ក្នុងបន្ទុកគ្រួសារ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិពែងមាសជើង ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម ។ ម៉ូតូកង់បីដែលជនសង្ស័យលួចយកទៅបាត់ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HG-0678 ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា នៅយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោយពីវិលត្រឡប់ មកពីរត់កង់បីវិញ ចតទុកមុខបន្ទប់ជួលដូចសព្វដង ហើយចូលដេកសម្រាក។ លុះដល់វេលាម៉ោង៥ព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ភ្ញាក់ពីដំណេករៀបចំខ្លួនចេញទៅដឹកម៉ូយនៅផ្សារដើមគរ ស្រាប់តែបាត់កង់បី ទើបឆោឡោ ។

ក្រោយពីដឹងថា មានជនសង្ស័យលួចម៉ូតូកង់បីរបស់ខ្លួនបាត់ហើយ ជនរងគ្រោះ ក៏រត់ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅទី៣ ឲ្យជួយអន្តរាគមន៍តាមនីតិវិធី ៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Share.