បាត់ដំបង៖ ផ្ទុះកំហឹងរឿងបាត់មី បណ្តាលឲ្យបុរសម្នាក់ទាញពូថៅកាប់តម្រង់ទៅលើបុរសម្នាក់ទៀតផ្ទួនៗដូចកំរោលចូលរងរបួសធ្ងន់ធ្ងរ។

លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោលបានប្រាប់ឲ្យដឹងថា មានករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោសប្រើប្រាស់ពូថៅកាប់ទៅលើជនរងគ្រោះ នៅត្រង់ចំណុច វត្តនិគ្រោធរង្សី ក្នុងក្រុមទី១ ភូមិរូងជ្រៃ ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង កាលពីវេលាម៉ោង ១២:៣០នាទីថ្ងៃត្រង់ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១។ ​​

ជនសង្ស័យបង្កហិង្សាដោយចេតនានេះ មានឈ្មោះម៉ា ណារិន ហៅ សម្បត្តិ ភេទប្រុស អាយុ ៥៥ឆ្នាំ ចំណែកឯជនរងគ្រោះវិញឈ្មោះយ៉ម ព្រីង ភេទប្រុស អាយុ ៤៨ឆ្នាំ មានទីលំនៅភូមិបល្ល័ង្កក្រោម ឃុំរូងជ្រៃ ស្រុកថ្មគោល ទាំងពីរនាក់ជាអ្នកបូជាសពនៅក្នុងវត្តខាងលើ។ ហើយនៅថ្ងៃកើតហេតុ ខណ:ដែលជនរងគ្រោះបានដើរចូលមកដល់ទីតាំងឈាបនដ្ឋាន ស្រាប់តែជនសង្ស័យបានសួរនាំរឿងគាត់បានបាត់មីជាញឹកញាប់ ភ្លាមនោះ ជនរងគ្រោះបានបដិសេធ រហូតដល់ទាស់សម្តីគ្នាមួយប្រាវ ចុងក្រោយជនបង្កបានស្ទុះទៅទាញពូថៅ រួចកាប់ផ្ទួនៗ រងបួសក្បាលនិងចង្កេះត្រូវបញ្ជូ នទៅសង្គ្រោះបន្ទាន់។

ក្រោយកើតហេតុកម្លាំងមូលដ្ឋាន ក៏ដូចជាកម្លាំងផ្នែកជំនាញអធិការស្រុកថ្មគោល បានចុះដល់ទីតាំងកើតហេតុហើយបានឃាត់ខ្លួនជនបង្កបានភ្លាម​ៗ​ព្រមទាំងដកហូតបានវត្ថុតាង ពូថៅដងឈើ ០១ និងនាំជនបង្កមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីសាកសួរ។ បច្ចុប្បន្នជនសង្ស័យកំពុងត្រូវបានផ្នែកជំនាញនៃអធិការដ្ឋានស្រុកថ្មគោលរៀបចំសំណុំរឿងចាត់ការតាមនីតិវិធី៕

អត្ថបទ៖ដំបងក្រញូង

Share.