ដូច​មហាជន​អ្នកលេង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដែល​បាន​តាមដាន​សកម្មភាព​របស់​តារា​ប្រុស G-Devith បានដឹង​មកហើយ​ថា កន្លងមក​លោក​ធ្លាប់មាន​ការផ្ទុះ​សង្គ្រាមពាក្យសម្ដី​ជាមួយ អាចារ្យ​ធំ ជាច្រើនលើក​ច្រើនសារ។ អាចារ្យ​ធំ តែងតែ​ចេញ​វីដេអូ​ធ្វើការ​រិះគន់​ចំពោះ​តារាចម្រៀង G-Devith និង​កញ្ញា ទេព បូ​ព្រឹក្ស ចេញ​តែ​បទ​ចម្រៀង​បែក​ស្លុយ និង​រឿងរ៉ាវ​ចុងក្រោយ​នេះ គឺ អាចារ្យ​ធំ បាន​បាញ់ខ្លាំងៗចំពោះ​ការ Live ភ្លក្ស​ប្រទាល​បាតដៃ។

ស្រាប់តែថ្មីៗនេះ អាចារ្យ​ធំ បានធ្វើឱ្យ​មហាជន​ចាប់អារម្មណ៍​ម្ដងទៀត  និង​ភ្ញាក់ផ្អើល​មិន​ស្ទើ​ទេ នៅពេលដែល អាចារ្យ​ធំ បាន​លើក​ការសរសើរ​ចំពោះ G-Devith នៅលើ​ហ្វេ​ស​ប៊ុ​ក ព្រមទាំង​តាំង​រូប G-Devith នៅលើ Profile Picture របស់ខ្លួន​ដោយ​ពោលថា ៖ «អស្ចារ្យ​ណាស់​លោក​ប្អូន»។

យ៉ាងណាមិញ កាលពី​ថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ២០២១នេះ គេ​មើលឃើញ អាចារ្យ​ធំ  បាន​បង្ហោះ​សារ​មួយទៀត​ដែលមាន​ខ្លឹមសារ​ថា « មិន​មានអី​ចម្លែក​ទេ​បងប្អូន​អើយ! គោលការណ៍​របស់ខ្ញុំ​គឺ​មិនដែល​យក​ខ្មែរ​ណា​ម្នាក់​ជាស​ត្រូវ​នោះទេ។ រឿង​វិជ្ជមាន​ខ្ញុំ​សូម​លើក​ម្រាមដៃ​គោរព  រឿង​អវិជ្ជមាន ខ្ញុំ​សូម​ចូលខ្លួន​រិះគន់​ដោយ​ន័យ​ស្ថាបនា #ផែនដី​នេះ​ជា​របស់​ខ្មែរ​យើង​គ្រប់គ្នា»។

តើ G-Devith យល់ឃើញ​បែបណា​ចំពោះ​សកម្មភាព​របស់ អាចារ្យ​ធំ  ដែល​ស្រាប់តែ​ពេលនេះ​បង្ហាញ​ការគាំទ្រ​ចំពោះ​លោក​ខ្លាំង?

ដើម្បី​បំភ្លឺ​ចំពោះ​រឿង​មួយ​នេះ តារាចម្រៀង G-Devith បាន​បកស្រាយ​ប្រាប់​អ្នកសារព័ត៌មាន​ត្រយង នៅក្នុង​ថ្ងៃ​ដាក់​សម្ពោធ MV «វីរនារី» ថា៖ «សម្រាប់​ខ្ញុំ​ម្នាក់ គឺ​ខ្ញុំ​តំណាងឱ្យ​ខ្មែរ​គ្រប់គ្នា ដូច្នោះ​ខ្ញុំ​មិនបាន​ខ្វល់​ថា អ្នកណា​មួយ​ជា​ខ្មែរ​ផ្សេង ឬអ្វី​នោះទេ ឱ្យតែ​អ្នកមាន​ឈាមជ័រ​ជា​ខ្មែរ គឺ​សុទ្ធតែ​បងប្អូន​របស់ខ្ញុំ​ទាំងអស់»។ ការបកស្រាយ​របស់ G-Devith  ហាក់ដូច​ស្ដែង​ថា លោក​មិនបាន​ប្រកាន់​ខឹង​ចំពោះ​អ្នកណាម្នាក់​ឡើយ និង​មិន​ចង់​តតាំង​ជាមួយ​កូន​ខ្មែរ​ដូចគ្នា។ លោក​បន្ដថា « បើ​ខ្ញុំ​តាំងចិត្ត​ថា​នឹង​តតាំង ឬ​តវ៉ា នោះ​គឺ​ខ្ញុំ​មិនអាច​មើលឃើញ​មុន​ទេ ដោយសារតែ​ផែនដី​គឺ​មូល អ៊ីចឹង​ហើយ​យើង​ត្រូវ​ដឹងថា ថ្ងៃនេះ​គឺជា​យើង ថ្ងៃក្រោយ​គឺជា​គេ។ ដូច្នោះ​ហើយ​ខ្ញុំ​គិតថា សម្រាប់​បងប្អូន​ទាំងអស់គ្នា បើ​យើង​បើក​ចិត្ត​ទូលាយ​ថា យើង​ជា​ខ្មែរ​ដូចគ្នា យើង​ជា​បងប្អូន​តែមួយ នោះ​មិន​ថា​អ្នកណា​ទេ ឱ្យតែ​មានចិត្ត​បែបនេះ គឺ​យើង​នឹង​ឆ្ពោះទៅមុខ​ទាំងអស់គ្នា»។

សូម​ជម្រាប​ផងដែរ​ថា នៅពេលដែល​ឃើញ​តារាចម្រៀង Rap ២ដួង​នេះ​វិល​មករក​ល្អ​នឹង​គ្នា​វិញ​អ៊ីចឹង អ្នកគាំទ្រ​ជឿថា នេះ​គឺជា​ការបង្ហាញ​ទង្វើ​ប្រពៃ​មួយ ដែល​ឃើញ​សិល្បករ​ខ្មែរ​វិល​មក​រួបរួមគ្នា ជំរុញ​ការលើកស្ទួយ​សិល្បៈ វប្បធម៌​បុ​រា​ណ្ម​ខ្មែរ និង​កាន់តែ​ធ្វើឱ្យ​វប្បធម៌​ខ្មែរ​រីកសាយ​ភាយ​កាន់តែខ្លាំង​ឡើង​ថែមទៀត៕

Share.