លោក ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្ត្រីឡាវ បានអញ្ជើញមកដល់ រាជធានីភ្នំពេញហើយ ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។

យោងតាមក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានឲ្យដឹងថា ក្នុងអំឡុងពេលនៃដំណើរ ទស្សនកិច្ចនៅកម្ពុជានេះ លោកនាយករដ្ឋមន្រ្តី ផនខាំ វីផាវ៉ាន់ នឹងក្រាបថ្វាយបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង។ លោកបណ្ឌិត ផនខាំ វីផាវ៉ាន់ ក៏នឹងអញ្ជើញចូលជួបសម្ដែងការគួរសមចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។

សម្ដេចតេជោ ហ៊ុន សែន និង លោកបណ្ឌិត ផនខាំ វីផាវ៉ាន់ នឹងមានកិច្ចប្រជុំពិភាក្សាលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រួមទាំងការស្តារសង្គម-សេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិនៃជំងឺកូវីដ-១៩ បញ្ហាតំបន់ និងអន្តរជាតិនានា ដែលជាចំណាប់អារម្មណ៍ និងក្តីបារម្ភរួម។

លោកបណ្ឌិត ផនខាំ វីផាវ៉ាន់ នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌប ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា៕

Share.