«ខ្ញុំ​រំភើប​ក្នុងនាម​ជា​ចាស់ទុំ​ម្នាក់ ជា​អ្នក​អភិរក្ស​សិល្បៈ​វប្បធម៌ ដែល​នៅ​សេសសល់​ពី​សម័យ​ប៉ុលពត» ជា​ឃ្លា​ដែល​ព្រឹទ្ធាចារ្យ ព្រឿង ឈាង សាស្ត្រាចារ្យ​នៃ​សកលវិទ្យា​ភូមិន្ទ​វិចិត្រសិល្បៈ ក្ដុកក្ដួល​អារម្មណ៍ សម្រក់​ទឹកភ្នែក បង្ហាញ​រំភើប​ចំពោះ​ការខិតខំ​របស់​កញ្ញា ទេព បូ​ព្រឹក្ស ក្នុង​ការផលិត MV «វីរនារី»។

សព្វថ្ងៃនេះ ជាក់ស្តែង​គេ​សង្កេតឃើញថា យុវជន​កម្ពុជា​បាន​ងាក​មក​ចាប់ផ្តើម​មានការ​ចាប់អារម្មណ៍​លើ​ការលើកស្ទួយ​វប្បធម៌​បុរាណ​ខ្មែរ ហើយ​ការ​ពោល​របស់​ព្រឹទ្ធាចារ្យ ព្រឿង ឈាង ខាងលើនេះ​គឺជា​កម្លាំងចិត្ត​ដល់​កូន​ខ្មែរ ឱ្យ​កាន់តែ​ស្រឡាញ់​វប្បធម៌​ជាតិ។

ជួប​សម្ភាស​ជាមួយ​អ្នកសារព័ត៌មាន​ត្រយង ព្រឹទ្ធាចារ្យ ព្រឿង ឈាង យល់ឃើញ​ចំពោះ​ការផលិត MV «វីរនារី» នេះ​ថា ជំហាន​ដំបូង​ដែល​យើង​អាច​ផលិត MV មួយ​នេះ​បាន​យ៉ាង​ល្អ គឺ​យើង​បាន​សិក្សា​ស្វែងយល់​ច្បាស់​ហើយ។ លោ​កថា​ចង់ឱ្យ​សិល្បករ​ទាំងអស់ ទោះជាសិល្បករសម័យក្ដី គឺត្រូវឈរ​នៅលើ​មូលដ្ឋាន​អតីតកាល​ឱ្យបាន​ច្បាស់លាស់ ហើយ​យើង​រុញ​ការផ្សព្វផ្សាយ​ឱ្យបាន​ល្អ​ដូច MV «វីរនារី» នេះ​អ៊ីចឹង​ដែរ។ លោក​បន្ដទៀតថា លោក​មិន​ចងបាន​ការសរសើរ​ដែ​ល​មាន​លក្ខណៈ​ប្រដូច​ទៅនឹង ជប៉ុន ឬ កូរ៉េ អ្វី​នោះទេ ពោលគឺ​លោក​ចង់បាន​ការលើកសរសើ​រថា ជា​ខ្មែរ បែប​ខ្មែរ។

ព្រឹទ្ធាចារ្យ​ផ្នែក​វប្បធម៌​ខាងលើ​បានលើកឡើង​ផងដែរ​ថា យើង​ត្រូវ​ស្គាល់​ខ្លួនឯង​ឱ្យ​ច្បាស់ ហើយ​សិល្បករ​ក៏​ជា​ផែន​មួយ​ក្នុងការ​ជំរុញ​សិល្បៈ​វប្បធម៌​បុរាណ​ឱ្យមាន​សន្ទុះ​ខ្លាំង​ផងដែរ។ លោក​ថា លោក​រំពឹងថា កូន​ខ្មែរ​ជា​អ្នក​បន្ដវេន​អភិរក្ស​សិល្បៈ​វប្បធម៌​ជាតិ នឹងធ្វើ​រឿង​ដែល​នាំ​មោទនភាព​ជូន​ជាតិ​បែបនេះ ឱ្យបាន​ច្រើន​ថែមទៀត៕

ទស្សនាវីដេអូ MV «វីរនារី» ខាងក្រោមនេះ៖

Share.