វីរុសកូវីដ១៩ បំប្លែងថ្មីដែលមានសមត្ថភាពចម្លងខ្លាំងជាងមុននេះ ត្រូវបានរកឃើញ និង កំណត់អត្តសញ្ញាណដំបូងក្នុងអាហ្រ្វិកខាងត្បូងដំបូងនៅថ្ងៃទី​ ០៩ ខែវិច្ឆិកា ឆ្នាំ២០២១ និង ត្រូវបានធ្វើរបាយការណ៍ទៅកាន់អង្គការសុខភាពពិភពលោកជាលើកដំបូងនៅថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ២០២១នេះ មិនតែប៉ុណ្ណោះវាត្រូវបានឆ្លងរាលដាលដល់បណ្ដាប្រទេសមួយចំនួនទៀត ក្នុងទ្វីបចំនួន ៣ ដែលធ្វើឲ្យរដ្ឋាភិបាលជុំវិញពិភពលោកមានការព្រួយបារម្ភ និង កំពុងព្យាយាមបញ្ឈប់ការឆ្លងរាលដាលនេះ។

ប្រទេសមួយចំនួនបានហាមប្រាមមិនឲ្យអ្នកធ្វើដំណើរមកពីអាហ្វ្រិកខាងត្បូង និង ប្រទេសជិតខាងក្បែរអាហ្វ្រិកខាងត្បូងចូលមកកាន់ប្រទេសរបស់ខ្លួនដោយសារតែការភ័យខ្លាចពីការឆ្លងវីរុសបំប្លែងថ្មី ប្រភេទ អូមីគ្រូន។

អង្គការសុខភាពពិភពលោក WHO បានចុះវីរុស អូមីគ្រូន នៅក្នុងបញ្ជីថា ជាប្រភេទវីរុសនៃការព្រួយបារម្ភ និងបាននិយាយថា វាអាចចំណាយពេលជាច្រើនសប្ដាហ៍ដើម្បីដឹងថា តើវាមានការផ្លាស់ប្ដូរនៃការចម្លង ឬ មានផលប៉ះពាល់ធ្ងន់ធ្ងរជាងវីរុសដ៏ទៃឬយ៉ាងណា។

យោងតាមលោកស្រី អេនជីលីឈី ខូតហ្សី ដែលជាវេជ្ជបណ្ឌិត និង ជាប្រធានសមាគមវេជ្ជសាស្ត្រអាហ្វ្រិកខាងត្បូង បានឲ្យដឹងថា អ្នកដែលចាក់វ៉ាក់សាំងរួចពេញលេញ អាចប្រឈមនឹងហានិភ័យតិចតួចប៉ុណ្ណោះ ថ្វីត្បិតតែវីរុសបំប្លែងខ្លួន អូមីគ្រូន អាចចម្លងបានយ៉ាងឆាប់រហ័ស និងមានគ្រោះថ្នាក់ជាងវីរុសកូវីដទម្រង់ដើម ឬ វីរុសបំប្លែងខ្លួនដទៃទៀតក៏ដោយ។ ចំពោះអ្នកដែលអាចប្រឈមនឹងហានិភ័យជាងគេគឺ អ្នកដែលមិនចាក់វ៉ាក់សាំង មនុស្សវ័យចំណាស់ អ្នកមានជំងឺប្រចាំកាយ ដូចជាទឹកនោមផ្អែម និង បេះដូង។

អាការៈរបស់វីរុសនេះ គឺអាចធ្វើទុក្ខក្នុងរាងកាយមនុស្សទៅតាមវ័យ ប៉ុន្ដែទម្រង់អាការៈរបស់វីរុសនេះខុសពីវីរុសទម្រង់ដើមបន្ដិច គឺធ្វើឲ្យអស់កម្លាំង ឈឺសាច់ដុំ ក្អក ឡើងកម្ដៅ ជីពចរលោតញាប់ ប៉ុន្ដែវីរុសនេះមិនធ្វើឲ្យអ្នកជំងឺបាត់បង់ក្លិន ឬ បាត់បង់រស់ជាតិឡើយ។

បច្ចុប្បន្នវីរុសអូមីគ្រូនបានរាលដាលចូលក្នុងបណ្ដាប្រទេសក្នុងពិភពលោកចំនួន ៩ មានដូចជា ហុងកុង អូស្ត្រាលី អ៊ីតាលី អាឡឺម៉ង់ ហូឡង់ ចក្រភពអង់គ្លេស អ៊ឺស្រាអែល បូតស្វាណា និង បែលហ្សិក នេះបើយោងតាមតាមចេញផ្សាយដោយសារព័ត៌មាន ឡាយមីន (Live Mint)៕

ប្រភព៖ Live Mint & WHO     

Telegram-Troryorng
Share.