កញ្ញា Han lay ត្រូវបានមហាជនអ្នកគាំទ្រកម្មវិធី Miss Grand International ស្គាល់ថា ជាអតីតបវរកញ្ញាភៀសខ្លួនមកពីប្រទេសមីយ៉ានម៉ា ឬ Miss Grand Myanmar 2020។ នៅអំឡុងពេលប្រកួតឆ្នាំកន្លងមក បវរកញ្ញារូបនេះមានភាពក្លាហាន លើកការនិយាយអំពីស្ថានភាពនយោបាយរបស់ប្រទេសខ្លួននៅវេទិកាអន្ដរជាតិដ៏ធំនេះ។ នាងបានអំពាវនាវឱ្យមានការបញ្ឈប់សង្គ្រាមនិងអំពើហឹង្សារបស់កងទ័ពភូមាដើម្បីបង្ក្រាបប្រជាជន។ ក្រោយបញ្ចប់ការប្រកួត Miss Grand International 2020 នាងមិនអាចវិលត្រឡប់ទៅស្រុកកំណើតរបស់ខ្លួនបាននោះទេ ព្រោះនាងបានជាប់ដីការចាប់ខ្លួន។
កញ្ញា Han lay បានសុំសិទ្ធជ្រកកោនក្នុងប្រទេសថៃ ដោយមានការយកចិត្តទុក និងជួយជ្រោមជ្រែងយ៉ាងពិសេសពីស្ថាប័ន MGI (Miss Grand International ) ជាពិសេសពីសំណាក់លោក Nawat Itsaragrisil ជាប្រធាន។ លោក Nawat ក៏បានជួយសម្រួលទាំងការស្នាក់ និងរកការងារឱ្យជាច្រើនផ្ដល់ឱ្យកញ្ញា Han lay ដើម្បីបន្ដជីវិតរស់នៅក្នុងប្រទេសថៃ។ រហូតមកទល់ពេលនេះ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក និងអ៊ីនស្ដាក្រាមរបស់កញ្ញា Han lay គេមើលឃើញថា នាងបានប្រើជីវិតរស់នៅយ៉ាងមានក្ដីសុខនៅក្នុងប្រទេសថៃ។
ថ្មីៗនេះ កញ្ញា Han lay បានទទួលសិទ្ធពិសេសពីអ្នករៀបចំកម្មវិធី ក្លាយជាពីធីការិនី Miss Grand International 2021។ នាងបានបង្ហោះការអរគុណចំពោះ ស្ថាប័ន MGI នៅលើអ៊ីនស្ដាក្រាមរបស់នាងថា « នេះគឺជាពេលវេលាដំបូងរបស់ខ្ញុំនៅក្នុងជីវិត ដែលបានទទួលការងារជាពិធីការិនីលំដាប់អន្ដរជាតិដូចជាកម្មវិធី MGI (Miss Grand International ) ។ សូមអរគុណយ៉ាងខ្លាំងចំពោះស្ថាប័ន Miss Grand International សម្រាប់ឱកាសដ៏មានតម្លៃនេះ និងអរគុណចំពោះអ្នកគាំទ្រអន្តរជាតិទាំងអស់ដែលតែងតែគាំទ្ររូបខ្ញុំនៅទីនេះ»។
ដោយឡែកយប់នៅយប់ថ្ងៃទី៣០ ខែ វិច្ឆិកា ឆ្នាំ២០២១នេះ កញ្ញា Han lay ក៏បានបង្ហាញវត្តមានជាពិធីការិនីក្នុងប្រកាសបើកការប្រកួតឈុតតំណាងជាតិ Miss Grand International ដ៏អសច្ចារ្យ ហើយនាងធ្វើបានល្អមែនទែន។ នាងបានរៀបរាប់នៅក្នុងវីដេអូនៅលើអ៊ីនស្ដាក្រាមរបស់នាងថា នេះជារឿងនឹកស្មានមិនដល់ និងជាលើកដំបូងក្នុងជីវិតនាង។ នាងបន្ដទៀត នាងបានខំប្រឹងប្រែងដោយមិនខ្វល់ពីភាពនឿយហត់ ក្នុងសមជាពិធីការិនីនៅវេទិកាអន្ដរជាតិមួយនេះ។
ទន្ទឹមនឹងនោះដែរ ក៏មានការ Comment គាំទ្រនៅលើទឹកចិត្តពីសំណាក់ហ្វេនអ្នកគាំទ្រខ្មែរនិងអន្ដរជាតិជាច្រើននាក់ បានពោលសរសើរពីភាពក្លាហាន និងជឿជាក់លើសមត្ថភាពរបស់កញ្ញា Han lay៕