បុរសម្នាក់បានបើករថយន្តព្រូសពណ៌ស្លែពាក់ស្លាកលេខភ្នំពេញ2BA-7529ក្នុងទិសដៅពីត្បូង ទៅ ជើងលឿនដូចហោះតាមបណ្ដោយផ្លូវ289លុះមកដល់កែងជាមួយផ្លូវលេខ566ត្រង់ ចំណុចស្តុបសាលាបឋមសិក្សាទួលគោក ក៏បានរេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ លាន់ ដូចរន្ទះបណ្ដាលឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំនិងដាច់កាឡេ កង់ម្ខាងទើបទៅមុខលែងរួច។ ចំណែកឯក្បាលនាគពុះចែកទ្រូងផ្លូវរងការខូចខាតខុស ទ្រង់ទ្រាយដើម។

ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តព្រូសនេះពុំមានអ្នករងរបួសនោះទេគ្រាន់តែខូចខាតរថយន្តនិងសម្បត្តិសាធារណៈតែប៉ុណ្ណោះ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅយប់ថ្ងៃទី 30 ខែវិច្ឆិកាឆ្នាំ 2021 ក្នុងសង្កាត់ បឹងកក់ទី 1 ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្រោយពីកើតហេតុសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកក្រុងភ្នំពេញបានចុះដល់ទីតាំងកន្លែងកើតហេតុស្ទូចរថយន្តយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយនៅពេលក្រោយ។

រថយន្តព្រូសពន្លះទ្រូងផ្លូវបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំនៅក្នុងតំបន់អភិវឌ្ឍន៍បឹងកក់

ដោយឡែកក៏មានរថយន្តព្រូសពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2BK-2925ជិះគ្នា 3 នាក់ ក្នុងទិសដៅពីកើតទៅលិចតាមបណ្ដោយផ្លូវR5 ក្នុងតំបន់អភិវឌ្ឍន៍បឹងកក់ លុះមកដល់ផ្លូវកោងក៏បានរេចង្កូតទៅបុកជាមួយនឹងសួនច្បារពុះចែកទ្រូងផ្លូវបណ្ដាលឱ្យរងការខូចខាតហើយរថយន្តមិនទាន់ឈប់ទេក៏បានរេចង្កូតឡើងលើខឿន ដែលទើបនឹងសាងសង់បណ្ដាលឲ្យខូចខាតរថយន្តផ្នែកខាងមុខយ៉ាងដំណំទើបទៅមុខលែងរួច។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះពុំបង្កឲ្យមានអ្នករងរបួសនោះទេ គ្រាន់តែខូចខាត រថយន្ត និងសួនច្បារពុះចែកទ្រូងផ្លូវនិងខឿនចិញ្ចើមផ្លូវតែប៉ុណ្ណោះ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅយប់ថ្ងៃទី 30 ខែវិច្ឆិកាឆ្នាំ2021 ក្នុងតំបន់ អភិវឌ្ឍន៍ បឹងកក់ សង្កាត់ ស្រះចកខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំងកន្លែងកើតហេតុធ្វើការសម្របសម្រួលឱ្យភាគីរថយន្តបង្កនិងតំណាងក្រុមហ៊ុនអភិវឌ្ឍន៍ បឹងកក់ ដោយភាគីរថយន្តសុខចិត្តចេញថ្លៃការជួសជុលសួនច្បារពុះចែកទ្រូងផ្លូវនិងឃឿនចិញ្ចើមផ្លូវទៅកាន់ក្រុមហ៊ុនអភិវឌ្ឍន៍បឹងកក់ដើម្បីបញ្ចប់រឿងកុំឱ្យវែងឆ្ងាយ៕

អត្ថបទ៖ភ្នាក់ងារ រាជធានី

Share.