លោកស្រី ម៉េកដាលីណា អេនឌ៊ើសុន (Magdalena Andersson) ដែលជានាយករដ្ឋមន្ត្រីស្រីដំបូងគេរបស់ប្រទេសស៊ុយអែតបានវិលមកកាន់តំណែងជាថ្មីកាលពីថ្ងៃច័ន្ទ ទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២១។ នេះជាការតែងតាំងលើកទី ២ បន្ទាប់ពីលោកស្រីធ្លាប់បានលាលែងពីតំណែងក្រោយពីប្រកាសជាប់ជានាយករដ្ឋមន្ត្រីកាលពីថ្ងៃពុធ សប្ដាហ៍មុន និងកាន់តំណែងបានមិនដល់ ១២ម៉ោង ផងនោះ។ លោក​ស្រី​​បាន​ប្រាប់​​រដ្ឋសភា​លា​ឈប់​ពី​តួនាទី​ជា​នាយក​រដ្ឋ​មន្ត្រី ដោយ​សារ​តែ​គណបក្ស​បៃតង​ដែល​ចូល​រួម​ជា​សម្ព័ន​ចម្រុះ​​​ជា​មួយ​​លោក​ស្រី​បាន​ដក​ខ្លួន​​​ ព្រោះ​តែ​រដ្ឋសភា​​មិន​អនុម័ត​​​​ថវិកា​សម្រាប់​ក្រុមសម្ព័ន្ធ​ចម្រុះ។

សមាជិក​សភា​បាន​បោះ​ឆ្នោត​តែងតាំង​លោក​ស្រី​ជា​នាយក​រដ្ឋ​មន្ត្រី​លើក​ទី​២​ក្នុង​រយៈ​ពេល​​មិន​ដល់ ១​សប្តាហ៍​ផង បន្ទាប់​ពី​លោក​បាន​រៀប​ចំ​ផែន​ការ​បង្កើតរដ្ឋាភិបាល​​ឯកបក្ស​ដែល​មាន​តែ​គណបក្ស​សង្គម​ប្រជា​ធិបតេយ្យ​តែ១​គត់ ដោយគណបក្សរបស់លោកស្រីម៉េកដាលីណា អេនឌ៊ើសុន (Magdalena Andersson)ទទួលបាន ​​១០០​អាសនៈ​ក្នុង​ចំណោម​អាសនៈ​សភា​​៣៤៩​​។

ដោយឡែកមេ​ដឹក​នាំ​​គណបក្ស​​ប្រឆាំង​ស្តាំ​និយម Moderate Party លោក Ulf Kristersson បាន​ចាត់​ទុករដ្ឋបាល​ដែល​នឹង​កើត​​ខាង​មុខ​គឺ​ជារដ្ឋាភិបាល​ចាំ​ផ្ទះ​៩​ខែ និង​និយាយ​ថា វា​​នឹង​មិន​អាច​ទទួល​បាន​ជោគជ័យ​សម្រាប់​ការ​បោះ​ឆ្នោត​នា​ខែ​កញ្ញា ឆ្នាំ​២០២២​ទេ។ ហើយថា ការដឹកនាំរដ្ឋាភិបាលរបស់លោកស្រី Andersson នឹង​​ទន់​ខ្សោយ​​បំផុត​ក្នុង​ចំណោម​រដ្ឋាភិបាល​ទន់​ខ្សោយ​​​របស់​ស៊ុយអែតក្នុងរយៈ​ពេល​ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ​នេះ និងអាច​ត្រូវ​ប្រឈម​បញ្ហា​ជា​ច្រើនទៀតផងដែរ៕

ប្រភព៖ Aljazeera

Telegram-Troryorng
Share.