រឿងដែលនឹកស្មានមិនដល់នោះគឺ ជនបង្កជាក្មេងប្រុសអាយុ ១៥ឆ្នាំ ដោយធ្វើសកម្មភាពបាញ់រះនៅសាកលវិទ្យាល័យមួយកន្លែងក្នុងរដ្ឋ មីឈីហ្គេន កាលពីថ្ងៃអង្គារ៍ ទី ៣០ ខែ វិច្ឆិកា ឆ្នាំ២០២១។

អាជ្ញាធរក្នុងតំបន់បាននិយាយថា ករណីនេះបានបណ្ដាលឲ្យមនុស្សចំនួន ៣នាក់ស្លាប់ និង ៨នាក់ទៀតរងរបួស ហើយបានក្លាយជាការបាញ់សម្លាប់នៅសាលារៀនដ៏អាក្រក់បំផុតនៅសហរដ្ឋអាមេរិក។

មន្រ្តីនៅក្នុងតំបន់ អ័កឡេន បានឲ្យដឹងថា ក្នុងចំណោមអ្នករងរបួសទាំង ៨នាក់ មានម្នាក់គឺជាគ្រូបង្រៀន ហើយក្នុងចំណោមអ្នករងរបួសទាំង ៨នាក់ មាន ២នាក់ កំពុងវះកាត់ និង ៦នាក់ទៀតស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ចំណែកឯអ្នកស្លាប់វិញគឺមាន ក្មេងប្រុសអាយុ ១៦ឆ្នាំម្នាក់ និង ក្មេងស្រីចំនួន២ នាក់ ម្នាក់អាយុ ១៤ឆ្នាំ និង ម្នាក់ទៀតអាយុ ១៧ឆ្នាំ។ អភិបាលរដ្ឋ មីឈីហ្គេន បាននិយាយថា ករណីបាញ់ប្រហារនេះប្រៀបដូចជាសុបិន្ដដ៏អាក្រក់បំផុតសម្រាប់អាណាព្យាបាលសិស្ស ហើយការបាញ់ប្រហារនៅតាមសាលារៀនគឺជាបញ្ហាតែមួយគត់របស់សហរដ្ឋអាមេរិក ដែលត្រូវការដោះស្រាយ។ លោកអភិបាលរដ្ឋ បានបន្ដទៀតថា នេះគឺជាសោកនាដកម្មដែលមិនអាចនឹកស្មានដល់ ហើយក៏ជាការបាញ់ប្រហារតាមសាលារៀនដ៏អាក្រក់បំផុតនៅឆ្នាំ២០២១នេះ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបាននាំយកទៅឃុំខ្លួននៅបុស្ដិ៍នគរបាល និងបានដកហូតបានកាំភ្លើងកែច្នៃពាក់កណ្ដាលស្វ័យប្រវត្តិ ១ដើម ប៉ុន្ដែមិនមានការរាយការណ៍ពីការពន្យល់បន្ថែមពីមូលហេតុដែលបណ្ដាលឲ្យកើតមានហេតុការណ៍នេះនៅឡើយទេ ព្រោះម្ដាយឪពុករបស់ជនសង្ស័យនេះបានជួលមេធាវី និងមិនអនុញ្ញាឲ្យនិយាយអ្វីជាមួយប៉ូលីសនោះទេ៕

សូមទស្សនាវីដេអូនៅខាងក្រោម៖

ប្រភព៖ CNN

Telegram-Troryorng
Share.